មេដឹកនាំវៀតណាម មានគម្រោងធ្វើទស្សនកិច្ចនៅរុស្ស៉ី បារាំង សហរដ្ឋអាមេរិក និងកាណាដា ក្នុងខែនេះ (Video inside)
04-09-2026 17:06
(ហាណូយ)៖ មេដឹកនាំវៀតណាម លោក To Lam មានគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ី បារាំង សហរដ្ឋអាមេរិក និងកាណាដា នៅក្នុងខែកញ្ញានេះ ខណៈប្រទេសនេះកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ ដើម្បីដោះស្រាយភាពមិនច្បាស់លាស់ផ្នែកពាណិជ្ជកម្ម ដែលកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកខ្លាំងលើការនាំចេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមប្រភពមួយចំនួនប្រាប់ Reuters ដំណើរទស្សនកិច្ចទាំងនេះធ្វើឱ្យកាលវិភាគដ៏មមាញឹកក្នុងខែកញ្ញា កាន់តែចង្អៀតថែមទៀត ដែលរួមបញ្ចូលទាំងជំនួបក្នុងទីក្រុងហាណូយចុងសប្តាហ៍នេះ ជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing និងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអូស្ត្រាលី និងនូវែលសេឡង់កាលពីខែមុន។
លោក Lam គ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅរុស្ស៉ីមុនគេ គឺនៅថ្ងៃទី៧ ខែកញ្ញា ដើម្បីជួបប្រធានាធិបតី វ៉្លាឌីមៀ ពូទីន មុនពេលបន្តដំណើរទៅបារាំងជួបលោកប្រធានាធិបតី Emmanuel Macron និងចូលរួមក្នុងសន្និសីទអវកាសអន្តរជាតិ។ លោក To Lam នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលគេរំពឹងថានឹងមានការថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ផ្តើមនៅថ្ងៃទី២១ ខែកញ្ញា។ ចេញពីសហរដ្ឋអាមេរិក លោក Lam នឹងបន្តដំណើរទៅកាន់ប្រទេសកាណាដា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា។
នាខែតុលាខាងមុខ លោក Lam ត្រូវបានគេរំពឹងថានឹងទៅកាន់តំបន់អឺរ៉ុប ជាទីដែលលោកអាចជួបមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល។ យ៉ាងនេះក្តី នៅមិនទាន់មានការប្រកាសជាផ្លូវការទេ ហើយអាចនឹងមានការផ្លាស់ប្តូរ។ ក្រសួងការបរទេសវៀតណាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕




