ការស្ទង់មតិនិង «China travel» បង្ហាញពីការផ្លាស់ប្តូរទស្សនៈវិជ្ជមានសាកលចំពោះចិនយ៉ាងខ្លាំង
04-09-2026 17:54
(ប៉េកាំង)៖ មជ្ឈមណ្ឌលស្រាវជ្រាវ PEW ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវលើទស្សនៈមហាជនចំពោះនយោបាយ គោលនយោបាយ សាសនា សង្គមសាស្រ្ត ប្រជាសាស្រ្ត បច្ចេកវិទ្យា និង អន្តោប្រវេសន៍។ នៅខែកក្កដា ឆ្នាំ២០២៦នេះ តាមរបាយការណ៍របស់ Pew Research Center ក្នុងចំណោមប្រទេសទាំង៣៦ដែលបានស្ទង់មតិ មានប្រទេសត្រឹមតែ ៦ប៉ុណ្ណោះ ដែលនៅតែមានទស្សនៈវិជ្ជមាន ចំពោះសហរដ្ឋអាមេរិកខ្ពស់ជាងចិន ក្នុងនោះមានប្រទេសចំនួន៤ស្ថិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺ ឥណ្ឌា ជប៉ុន ហ្វីលីពីន និងកូរ៉េខាងត្បូង។ នៅសល់ប្រទេសដទៃទៀត រួមទាំងប្រទេសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកយូរអង្វែង ដូចជា កាណាដា និងម៉ិកស៊ិក ជាអ្នកជិតខាងផ្ទាល់របស់អាមេរិក បានបង្ហាញការគាំទ្រចិនច្រើនជាងអាមេរិក ជាលើកដំបូង។
ករណីកាណាដាបង្ហាញយ៉ាងច្បាស់ពីល្បឿននៃការផ្លាស់ប្តូរនេះ។ មកដល់ឆ្នាំ២០២៦ ជនជាតិកាណាដាមានទស្សនៈវិជ្ជមាន ចំពោះចិន (៤៤%) ច្រើនជាងសហរដ្ឋអាមេរិក (៣៣%)។ លំនាំដូចគ្នា នេះក៏ត្រូវបានគេសង្កេតឃើញ នៅក្នុងប្រទេសអឺរ៉ុបជាច្រើនផងដែរ ជាពិសេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងហូឡង់ ដែលបច្ចុប្បន្ននេះ មានទស្សនៈវិជ្ជមានចំពោះចិនច្រើនជាងអាមេរិក។ ក្នុងកម្រិតដឹកនាំ ការស្ទង់មតិបានរកឃើញថា ចំនួនអ្នកដែលមានទំនុកចិត្តលើប្រធានរដ្ឋចិន Xi Jinping ថា មានសមត្ថភាពសម្រេចចិត្តត្រឹមត្រូវលើកិច្ចការពិភពលោកនាពេលបច្ចុប្បន្ននេះខ្ពស់ជាងចំនួនអ្នកទុកចិត្តលើប្រធានាធិបតីអាមេរិក Donald Trump រួមមានប្រទេសអឺរ៉ុបជាច្រើន ដូចជា អាល្លឺម៉ង់ ក្រិក អ៊ីតាលី ហូឡង់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស។
ក្នុងចំណោមប្រទេសមានចំណូលមធ្យមចំនួន១៧ ដែលបានចូលរួមក្នុងការស្ទង់មតិនេះ ជាមធ្យម ៧៥% និយាយថា សហរដ្ឋអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃច្រើន ឬច្រើនតិចតួច។ លើសពីនេះទៀត ជនជាតិនៅប្រទេសទាំងនេះ ក៏មានទំនោរមើលឃើញចិនជាដៃគូគួរឱ្យទុកចិត្តជាងសហរដ្ឋអាមេរិកផងដែរ។ ឧទាហរណ៍ នៅអាហ្វ្រិកខាងត្បូង ៧២% និយាយថាចិនជាដៃគូគួរឱ្យទុកចិត្តរបស់ប្រទេសខ្លួន ធៀបនឹង៤៦%ចំពោះអាមេរិក ខណៈដែលចំនួនអ្នកយល់ថា ចិនរួមចំណែកដល់សន្តិភាពនិងស្ថិរភាពពិភពលោកបានកើនឡើងពី ៤៧% ក្នុងឆ្នាំ២០២៣ មកដល់ ៦៤% ក្នុងឆ្នាំ២០២៦។ ក្នុងករណីប៉ាគីស្ថាន គម្លាតកាន់តែធំ ដោយ៨៤%ចាត់ទុកចិនជាដៃគូគួរឱ្យទុកចិត្ត ធៀបនឹងត្រឹមតែ ៣៦% ចំពោះអាមេរិក។
បើយើងក្រឡេកមើលទស្សនៈរបស់ជនជាតិអាមេរិកវិញ ស្ទង់មតិផ្ទៃក្នុងរបស់ Pew Research Center ចំពោះជនជាតិអាមេរិកខ្លួនឯង (ធ្វើឡើងក្នុងខែមីនា ឆ្នាំ២០២៦) បានរកឃើញថា ២៧% នៃជនជាតិអាមេរិកមានទស្សនៈវិជ្ជមានចំពោះចិន ដែលកើនឡើង៦ភាគរយធៀបនឹងឆ្នាំមុន និងកើនឡើង ស្ទើរតែទ្វេដងធៀបនឹងឆ្នាំ២០២៣។ ការកើនឡើងនេះនៃទស្សនៈវិជ្ជមានចំពោះចិន ជាលទ្ធផលនៃដំណើរការពីរប្រកបគ្នា៖ ទីមួយ ការកែលម្អបន្តិចម្តងៗនៃរូបភាពចិនតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងការទូតសកម្មនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងទីពីរ ការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃការទុកចិត្តអន្តរជាតិ ចំពោះសហរដ្ឋអាមេរិក ជាពិសេសក្រោមរដ្ឋបាលលោក Trump ជំនាន់ទី២ ដែលត្រូវបានគេយកមកភ្ជាប់ ជាមួយគោលនយោបាយពាណិជ្ជកម្មបែបការពារនិយម (protectionism) ការដកខ្លួនចេញពីកិច្ចព្រមព្រៀងពហុភាគី និងទស្សនៈ "អាមេរិកមុនគេ" (America First)។
ការកើនឡើងនៃទស្សនៈវិជ្ជាមានមកលើប្រទេសចិន ក៏មានការរួមចំណែកពីវិស័យទេសចរណ៍ផងដែរ។ ការចូលមើល China Hastag ក្នុងចំណោមយុវជនលោកខាងលិច មានការកើនឡើងរហូតដល់ជាង ២៨ ពាន់លានចំនួនមើល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្រៅប្រទេស ដែលជាលទ្ធផល គិតត្រឹមឆមាសទីមួយនៃឆ្នាំ២០២៦ ចិនបានទទួល ភ្ញៀវទេសចរបរទេសចំនួន ២២,៩១៤,០០០ នាក់ កើនឡើង ២០,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបន្តលើកកម្ពស់គោលនយោបាយលើកលែងទិដ្ឋាការ និងវិធានការសម្រួល ការធ្វើដំណើរផ្សេងទៀត ធ្វើឱ្យ "China Travel" ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងជាសកល ខណៈពាក្យ "China Cool" ក៏បានក្លាយជាពាក្យពេញនិយមមួយក្នុងរដូវក្តៅនេះផងដែរ។ និន្នាការទាំងនេះឆ្លុះបញ្ចាំងពីអំណាចទន់របស់ចិន ដែលកំពុងពង្រីកតាមរយៈបទពិសោធន៍ផ្ទាល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាកត្តាមួយបន្ថែមទៀតដែលរួមចំណែកដល់ ការផ្លាស់ប្តូរនៃទស្សនៈវិជ្ជមានចំពោះចិននៅលើឆាកអន្តរជាតិ។
ការសិក្សានេះ បង្ហាញពីចំណុចរបត់ជាប្រវត្តិសាស្ត្រជាលើកដំបូង ក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមកនេះ ការផ្លាស់ប្តូរនេះ មិនកើតចេញពីការកើនឡើងអំណាចទន់ចិនតែមួយទេ ប៉ុន្តែជាលទ្ធផលរួមផ្សំគ្នា រវាងកិច្ចខិតខំប្រឹងប្រែង ការទូតសេដ្ឋកិច្ចចជាបន្តបន្ទាប់របស់ចិន និងការធ្លាក់ចុះនៃការទុកចិត្តអន្តរជាតិចំពោះ គោលនយោបាយការបរទេស និងភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា





