ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៉ីស្រាអែល ចុះទៅកាន់តំបន់ West Bank (Video inside)
05-09-2026 19:15
(Ramallah)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៉ីស្រាអែល លោក Mike Huckabee បានជួបប្រជាជនប៉ាឡេស្ទីន នៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ រួមទាំងក្រុមគ្រួសាររបស់ពលរដ្ឋអាមេរិកដែលត្រូវបានសម្លាប់ដោយក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល នៅឯទីប្រជុំជនប៉ាឡេស្ទីនមួយក្នុងតំបន់ West Bank។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការតាំងលំនៅជាច្រើនកេីតមានជុំវិញទីក្រុង Turmus Ayya របស់ប៉ាឡេស្ទីន ដែលស្ថិតក្បែរទីក្រុង Ramallah ហើយដែលលោក Huckabee បានចុះទៅដល់នាថ្ងៃសៅរ៍នេះ។ អ្នកស្រុកនៅទីនោះនិយាយថា ការបៀតបៀនពីសំណាក់ក្រុមអ្នកតាំងលំនៅជនជាតិអ៉ីស្រាអែលដែលមាននិន្នាការជ្រុលនិយម បានកើតឡើងជាញឹកញាប់ ហើយពួកគេមិនអាចរារាំងក្រុមទាំងនោះមិនឱ្យចូលមកក្នុងទីក្រុង និងបង្កការខូចខាតដល់ផ្ទះសម្បែងរបស់ពួកគេបានឡើយ។
លោក Huckabee ដែលជាគ្រូគង្វាលនិកាយ Baptist ម្នាក់ ហេីយគាំទ្រយូរឆ្នាំមកហើយចំពោះការតាំងលំនៅរបស់ជនជាតិអ៉ីស្រាអែល បានអំពាវនាវឱ្យមានការចាត់វិធានការផ្លូវច្បាប់ប្រឆាំងអ្នកតាំងលំនៅដែលប្រព្រឹត្តអំពើហិង្សា។ ទន្ទឹមនឹងនេះ លោកបានលើកឡើងថា លោកជឿជាក់ថាទង្វើរបស់ពួកគេគឺតំណាងឱ្យក្រុមតូចមួយប៉ុណ្ណោះនៅក្នុងចំណោមសហគមន៍អ្នកតាំងលំនៅទាំងមូល ដែលមានចំនួនប្រមាណ ៧៥០ ០០០នាក់។
គួរបញ្ជាក់ថា ក្រុមអ្នកតាំងលំនៅជនជាតិអ៉ីស្រាអែលដែលត្រូវបានចោទប្រកាន់ថាបានបង្កការវាយប្រហារលើជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ West Bank គឺកម្ររងការចាត់វិធានការផ្លូវច្បាប់ណាស់។ ក្នុងពេលទៅដល់ភូមិ Taybeh ដែលជាភូមិគ្រិស្តសាសនិកមួយក្នុងចំណោមភូមិមួយចំនួនតូចដែលនៅសេសសល់ក្នុងតំបន់ West Bank លោក Huckabee និយាយាថាការប្រមាថទីកន្លែងគោរពបូជាគឺជាអំពើភេរវកម្ម និងជាបទឧក្រិដ្ឋ៕






