វៀតណាម និងមីយ៉ាន់ម៉ា ព្រមព្រៀងពង្រឹងទំនាក់ទំនងវិស័យការពារជាតិ អំឡុងទស្សនកិច្ចរបស់លោក Min Aung Hlaing (Video inside)
05-09-2026 21:11
(ហាណូយ)៖ វៀតណាម និងមីយ៉ាន់ម៉ា បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខ ដោយលើកកម្ពស់វិស័យនេះឱ្យក្លាយជាសសរស្តម្ភមួយនៃទំនាក់ទំនងទ្វេភាគី ខណៈដែលលោក To Lam មេដឹកនាំវៀតណាម ទទួលស្វាគមន៍លោក Min Aung Hlaing ប្រធានាធិបតីមីយ៉ាន់ម៉ា នៅទីក្រុងហាណូយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។
តាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម មេដឹកនាំទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើការងារហ្វឹកហ្វឺនយោធា ការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេង ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងបង្កើនការចែករំលែកព័ត៌មាន និងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងបទល្មើសនានា។
មេដឹកនាំទាំងពីរ ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តថានឹងមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីប្រទេសខ្លួន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសម្ខាងទៀតឡើយ។ មេដឹកនាំទាំងពីរថានឹងពង្រឹងទំនុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត និងការប្រើប្រាស់យន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា នេះគឺជាដំណេីរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Min Aung Hlaing ទៅកាន់ប្រទេសវៀតណាម ក្នុងនាមជាប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ា៕




