យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង (Video inside)
06-09-2026 09:17
(វ៉ាស៉ីនតោន)៖ យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ថា ខ្លួនបានវាយប្រហារនិងបំផ្លាញ នាវាដឹកប្រេងចំនួន៣គ្រឿង ដែលមានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC បន្ទាប់ពីកងកម្លាំងយោធាអ៉ីរ៉ង់ បានបាញ់ប្រហារលើនាវាចម្បាំងរបស់អាមេរិកមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
បញ្ជាការដ្ឋានកណ្តាលរបស់យោធាអាមេរិក CENTCOM បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គម X ថា «បន្ទាប់ពីការវាយប្រហារ ដែលបរាជ័យរបស់អ៉ីរ៉ង់ CENTCOM បានធ្វើឱ្យនាវាដឹកប្រេងឆៅរបស់ IRGC ចំនួន ២គ្រឿង ឈ្មោះ M/T Downy នៅក្បែរឆ្នេរកោះ Kharg និង M/T Stark 1 នៅក្បែរក្រុង Jask មិនអាចប្រើប្រាស់បានតទៅទៀតជាអចិន្ត្រៃយ៍»។ CENTCOM បានបន្តថា កងកម្លាំងអាមេរិក ក៏បានកម្ទេចទាំងស្រុងនាវាដឹកប្រេងឆៅមួយទៀត ឈ្មោះ M/T Kylo នៅឈូងសមុទ្រអូម៉ង់ផងដែរ។
យោធាអាមេរិក បានចោទប្រកាន់ថា នាវាទាំង៣គ្រឿង ដែលត្រូវបានវាយប្រហារ គឺជាផ្នែកមួយនៃអ្វីគេហៅថា បណ្តាញនាវាស្រមោល ដែលរកលុយបានទំហំរាប់ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ IRGC និងក្រុមប្រដាប់អាវុធ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់»។ CENTCOM បានអះអាងថា អ៉ីរ៉ង់គ្មានមធ្យោបាយដើម្បីការពារនាវាទាំងនេះឡើយ។
យោធាអាមេរិក បានឱ្យដឹងថា មិនមានទាហានអាមេរិកណាម្នាក់រងរបួសទេ បន្ទាប់ពីនាវាចម្បាំងប្រភេទ destroyer និងនាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិក អាចគេចផុតដោយជោគជ័យ ពីការវាយប្រហារដោយគ្មានហេតុផលជាច្រើនលើករបស់អ៉ីរ៉ង់។ មេបញ្ជាការ CENTCOM លោកឧត្តមនាវីឯក Brad Cooper បានលើកឡើងដូច្នេះ «សារទៅកាន់ IRGC គួរតែច្បាស់ហើយនាពេលនេះ គឺប្រសិនបើអ្នកឯងហ៊ានបាញ់ប្រហារ មកលើនាវារបស់យើង២គ្រឿង យើងនឹងបង្កការបង់តម្លៃផ្នែកសេដ្ឋកិច្ចកាន់តែខ្ពស់លើអ្នកវិញ ដោយបំផ្លាញនាវារបស់អ្នក៣គ្រឿង»។
ការវាយប្រហារទាំងនេះកើតឡើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនទទូចថា ខ្លួនកំពុងព្យាយាមដាក់សម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំងលើអ៉ីរ៉ង់ រួមទាំងការបិទផ្លូវចូលកំពង់ផែរបស់អ៉ីរ៉ង់ ខណៈនៅតែរក្សាការគំរាមកំហែងអំពីការធ្វើសកម្មភាពយោធា។ ចំណែកអ៉ីរ៉ង់វិញ បានរារាំងចរាចរណ៍ពាណិជ្ជកម្មតាម ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ដោយគំរាមកំហែងដល់នាវាដឹកជញ្ជូន ដែលមិនទទួលបានការអនុញ្ញាតពីអ៉ីរ៉ង់ ឱ្យឆ្លងកាត់។
គួរបញ្ជាក់ថា ភាគីទាំងពីរបានបើកការវាយប្រហារប្រហារដាក់គ្នាជាថ្មី កាលពីដើមសប្តាហ៍នេះ ដោយសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងបំផ្លាញសមត្ថភាពរបស់ IRGC ក្នុងការវាយប្រហារលើនាវាពាណិជ្ជកម្ម ខណៈអ៉ីរ៉ង់បានបាញ់ប្រហារលើមូលដ្ឋានយោធាអាមេរិក នៅប្រទេសហ្ស៊កដានី៕







