* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាកាសយានដ្ឋានសំខាន់ជាងគេរបស់ឥណ្ឌូណេស៊ី ផ្អាកប្រតិបត្តិការបណ្តោះអាសន្ន ដោយសារបន្ទុះភ្នំភ្លើង (Video inside)

06-09-2026 10:30

(ហ្សាការតា)៖ ឥណ្ឌូណេស៊ីបានសម្រេចផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ខ្លួន ដែលស្ថិតនៅជាយរដ្ឋធានីហ្សាការតា នាថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារផេះភ្នំភ្លើងដែលបញ្ចេញពីភ្នំភ្លើងឈ្មោះ Anak Krakatoa ស្ថិតនៅចម្ងាយជាង១៥០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP។

ភ្នំភ្លើងឈ្មោះ Anak Krakatoa បានផ្ទុះកាលពីថ្ងៃសៅរ៍ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងបង្កជាសំឡេងផ្ទុះយ៉ាងខ្លាំង អាចលឺនៅចម្ងាយរហូតដល់៧០០គីឡូម៉ែត្រ។ ទីភ្នាក់ងារតាមដានភ្នំភ្លើងរបស់ឥណ្ឌូណេស៉ី បានព្រមានថា ការផ្ទុះថ្មីចំនួន២លើកទៀត ត្រូវបានកត់ត្រា នាថ្ងៃអាទិត្យនេះ។ កម្ទេចផេះភ្នំភ្លើងពីភ្នំ Anak Krakatoa ត្រូវបានប្រទះឃើញក្នុងដែនអាកាសជុំវិញ អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ដែលជាហេតុធ្វើឱ្យអាជ្ញាធរសម្រេចចិត្តផ្អាកប្រតិបត្តិការ ចាប់តាំងពីម៉ោង ១៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ។

ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លទ្ធផលធ្វើតេស្តចុងក្រោយ បានបង្ហាញលទ្ធផលវិជ្ជមាន ដែលបញ្ជាក់ពីការរីកសាយនៃផេះភ្នំភ្លើង នៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta។ ដូច្នេះហើយ ការបិទអាកាសយានដ្ឋាន ត្រូវបានបន្តយ៉ាងហោចរហូតដល់ម៉ោង ៩៖៣០នាទីព្រឹកថ្ងៃអាទិត្យ។ ក្រសួងបានឱ្យដឹងថា ការផ្អាកប្រតិបត្តិការនេះ ប៉ះពាល់អ្នកដំណើរជាង ២២ ០០០នាក់ រួមជាមួយជើងហោះហើរចំនួន២០៩ជើង ជាពិសេសជើងហោះហើរទៅកាន់ និងមកពីប្រទេសសិង្ហបុរី។ ផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលរងផលប៉ះពាល់ រួមមាន ដូហា ស៊ីដនី និងគូឡាឡាំពួ។

Anak Krakatoa ដែលមានន័យថា កូនរបស់ Krakatoa ស្ថិតនៅក្នុងច្រកសមុទ្រដែលខណ្ឌចែកកោះជ្វា និងកោះស៊ូម៉ាត្រា។ ភ្នំភ្លើងនេះបានផ្ទុះជាបន្តបន្ទាប់ ចាប់តាំងពីវាលេចចេញពីសមុទ្រ នៅដើមសតវត្សទី២០ នៅក្នុងរណ្តៅមាត់ភ្នំភ្លើង ដែលកកើតឡើងបន្ទាប់ពីការផ្ទុះរបស់ភ្នំភ្លើងឈ្មោះថា Krakatoa កាលពីឆ្នាំ ១៨៨៣។ គ្រោះមហន្តរាយនាពេលនោះ គឺជាគ្រោះមហន្តរាយភ្នំភ្លើងដ៏ប្រល័យ និងបំផ្លិចបំផ្លាញបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដែលត្រូវគេប៉ាន់ប្រមាណថា មានមនុស្សប្រហែលរហូតដល់ ៣៥ ០០០នាក់បានស្លាប់។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសប្រជុំកោះនៅអាស៊ីអាគ្នេយ៍ ដែលស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក គេហៅថា Pacific Ring of Fire ជាតំបន់ដែលស្រទាប់ផ្លាកទិកតូនិកផែនដីជួបប្រសព្វគ្នា ហើយបណ្តាលឱ្យមានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីញឹកញាប់៕