លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank (Video inside)
07-09-2026 09:44
(ហ៊្សេរុយសាឡិម)៖ ប្រភពចំនួនពីរបានប្រាប់ Reuters កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ថានាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យរុះរើលំនៅដ្ឋានរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ដែលមិនទទួលបានការអនុញ្ញាត នៅក្នុងតំបន់ West Bank ខណៈដែលមានការដាក់សម្ពាធពីសហរដ្ឋអាមេរិក ឱ្យចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងការវាយប្រហាររបស់ក្រុមនេះ ទៅលើជនជាតិប៉ាឡេស្ទីន។
បទបញ្ជានេះ អនុវត្តចំពោះលំនៅដ្ឋានដែលមិនទទួលបានការអនុញ្ញាតផ្លូវការពីអ៉ីស្រាអែល ដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកតាំងលំនៅ។ ជាទូទៅវាមានលក្ខណៈជាផ្ទះចល័ត និងជាទីស្នាក់សម្រាប់ក្រុមអ្នកតាំងលំនៅមួយចំនួនតូច។ រដ្ឋអ៉ីស្រាអែលតែងតែរុះរើសំណង់បែបនេះ ប៉ុន្តែក៏មានករណីខ្លះរដ្ឋក៏ព្រមទទួលស្គាល់ផ្លូវការ ដោយអនុញ្ញាតឱ្យពួកគេទទួលបានថវិកាគាំទ្រពីរដ្ឋាភិបាលផងដែរ។
គេមិនទាន់ច្បាស់ទេថាតើប្រតិបត្តិការនេះ នឹងចាប់ផ្តើមនៅពេលណា។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៉ីស្រាអែល លោក Mike Huckabee បានថ្កោលទោស និងហៅក្រុមអ្នកតាំងលំនៅដែលប្រព្រឹត្តអំពើហិង្សាថាជាក្រុមភេរវករ ជាមួយការអំពាវនាវឱ្យមានការដាក់ទោសទណ្ឌលើពួកគេ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយជនជាតិអាមេរិកដើមកំណើតប៉ាឡេស្ទីនមួយចំនួន នៅក្នុងទីក្រុងមួយរបស់ប៉ាឡេស្ទីនក្នុងតំបន់ West Bank កាលពីចុងសប្តាហ៍កន្លងទៅ។
បើតាមគេហទំព័រព័ត៌មាន Ynet របស់អ៉ីស្រាអែល រាយការណ៍ពីពេលមុន បទបញ្ជាទាំងនោះកំណត់គោលដៅលើទីតាំងគ្មានការអនុញ្ញាតប្រហែល ១០០កន្លែង នៅទូទាំងតំបន់ West Bank៕




