លោក គីម ជុងអ៊ុន ប្តេជ្ញាកសាងកងទ័ពជើងទឹកកូរ៉េខាងជើង ជាកងកម្លាំងបំពាក់អាវុធនុយក្លេអ៊ែរ ស្របពេលអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធារួម (Video inside)
07-09-2026 11:50
(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថា មេដឹកនាំកំពូលរបស់ខ្លួន គឺលោក គីម ជុងអ៊ុន បានប្តេជ្ញាកសាងកងទ័ពជើងទឹក ឱ្យក្លាយទៅជាកងកម្លាំងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ស្របពេលដែលការធ្វើសមយុទ្ធយោធាដែនសមុទ្រ រវាងសហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត្តនៅអាស៉ី បានចាប់ផ្តើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សមយុទ្ធយោធាហៅថា Freedom Edge ដែលប្រពឹត្តទៅចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រសប្តាហ៍នេះ និងដែលចូលរួមដោយជប៉ុន កូរ៉េខាងត្បូង និងអាមេរិក ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០២៣ ហើយក្រុមមន្ត្រីប្រទេសទាំង៣ បានហៅវាថាជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការគំរាមកំហែងមីស៊ីលនិងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការអត្ថាធិប្បាយដូចខាងលើរបស់លោក គីម ត្រូវបានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនាវាចម្បាំង Kang Kon នៅទីក្រុងកំពង់ផែ Wonsan កាលពីថ្ងៃអាទិត្យ។ លោក គីម បានថ្លែងក្នុងពិធីនោះយ៉ាងដូច្នេះថា «យើងត្រូវតែធានាថា ប្រព័ន្ធប្រយុទ្ធនុយក្លេអ៊ែរដែលមានភាពចម្រុះ និងមានប្រសិទ្ធភាព ត្រូវបានអនុវត្តសម្រាប់សង្គ្រាមជាក់ស្តែង តាមរយៈការអភិវឌ្ឍកងទ័ពជើងទឹករបស់យើង ឱ្យក្លាយជាកងកម្លាំងមួយប្រដាប់ទៅដោយអាវុធនុយក្លេអ៊ែរ»។
លោកបានបន្តថា «នៅពេលទទួលបានបទបញ្ជាគ្រប់ពេលវេលា នាវាចម្បាំងប្រភេទ destoryer ជំនាន់ថ្មីនេះ នឹងអាចវាយបកសងសឹកយ៉ាងចាស់ដៃបំផុតទៅលើសត្រូវ ព្រោះវាជាផ្នែកនៃប្រព័ន្ធឆ្លើយតបនុយក្លេអ៊ែររបស់រដ្ឋ»។ កាលពីខែកក្កដា លោក គីម បានត្រួតពិនិត្យការធ្វើតេស្តមួយ នៃនាវាចម្បាំង Kang Kon ដែលជានាវាចម្បាំងមួយ ក្នុងចំណោមនាវាចម្បាំងប្រភេទទម្ងន់ ៥០០០តោន ស៊េរីថ្មីសរុប២គ្រឿង។ នាវាមួយគ្រឿងដំបូង ឈ្មោះថា Choe Hyon ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ កាលពីប្រមាណ៣ខែមុន។
លោក Lim Eul-chul ដែលជាសាស្ត្រាចារ្យមួយរូប នៅសាកលវិទ្យាល័យ Kyungnam នៃប្រទេសកូរ៉េខាងត្បូង បានបង្ហាញការយល់ឃើញថា ការលើកឡើងរបស់លោក គីម អំពីកងទ័ពជើងទឹកដែលបំពាក់អាវុធនុយក្លេអ៊ែរ ហាក់បង្ហាញឱ្យឃើញថា នាវាទាំងនេះអាចបម្រើជាមធ្យោបាយ សម្រាប់ការបាញ់មីស៊ីលគ្រូស ដែលមានសមត្ថភាពនុយក្លេអ៊ែរ។
ជាចុងក្រោយ លោក គីម ក៏បានបង្ហើបផងដែរថា កូរ៉េខាងជើងកំពុងអនុវត្ត «ផែនការសំខាន់មួយ» ដើម្បីពង្រឹងកងទ័ពជើងទឹករបស់ខ្លួនឱ្យកាន់តែខ្លាំង ដែលនឹងត្រូវបង្ហាញដល់ពិភពលោក ក្នុងរយៈពេល៨ខែទៀត។ លោក Lim បាននិយាយថា វាអាចជាការឱ្យសញ្ញាមុនមួយ នៃគម្រោងបង្ហាញខ្លួនធនធានយោធាយុទ្ធសាស្រ្តសំខាន់ៗរបស់កូរ៉េខាងជើង ដូចជានាវាមុជទឹក ដែលមានសមត្ថភាពផ្ទុកមីស៉ីលបាលិស្ទីគបាញ់ចេញពីក្រោមទឹក SLBM ជាដើម៕









