ប្រមុខការពារជាតិហ្វីលីពីន ព្រមានថា ចិនអាចឆ្លៀតឱកាសកេងចំណេញ ពីការកាត់បន្ថយសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង (Video inside)
07-09-2026 14:47
(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសហ្វីលីពីន លោក Gilberto Teodoro នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានលើកឡើងថា ចិនអាចមើលឃើញ ការកាត់បន្ថយសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនាពេលថ្មីៗនេះ ជាឱកាសមួយដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនឡើងវិញ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានធានាដល់ទីក្រុងម៉ានីលថា ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះហ្វីលីពីន នៅតែមិនផ្លាស់ប្តូរឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងក្នុងអំឡុងវេទិកាកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល លោក Teodoro បាននិយាយថា មិនមានការកាត់បន្ថយសកម្មភាពយោធារវាងសហរដ្ឋអាមេរិក-ហ្វីលីពីននោះទេ ហើយកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលពាក់ព័ន្ធនឹងទីក្រុងម៉ានីល នៅតែបន្តពង្រីកបន្ថែម។
ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែសីហា ក្នុងការកាត់បន្ថយសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង បានជំរុញឱ្យមានការជជែកដេញដោល ក្នុងចំណោមអ្នកវិភាគសន្តិសុខ អំពីភាពអាចជឿទុកចិត្តបាន នៃសមត្ថភាពកំញើញរារាំងជម្លោះរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី និងថា តើគូប្រជែងដូចជាចិន អាចចាត់ទុកវាជាភាពចុះទន់ខ្សោយនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដែរឬទេ។
នៅពេលត្រូវបានសួរថា តើទីក្រុងប៉េកាំងអាចឆ្លៀតឱកាសបែបនេះដែរឬទេ លោក Teodoro បានឆ្លើយតបថា «ជាការពិតណាស់ វាជាលទ្ធភាពមួយ។ ចិនឆាប់រហ័សជាខ្លាំង ក្នុងការទាញយកប្រយោជន៍ពីភាពចន្លោះប្រហោងនានា។ ប្រសិនបើយើងនិយាយអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល នោះវាអាចជាសញ្ញានៃឱកាសមួយសម្រាប់ប្រទេសចិន ក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួនឡើងវិញ»។
ទោះជាយ៉ាងណាក៏ដោយ លោក Teodoro បាននិយាយថា ទីក្រុងម៉ានីលទទួលបានការធានាច្បាស់លាស់ ពីទីក្រុងវ៉ាស៊ីនតោនហើយ ថាគ្មានសញ្ញាណាមួយ ដែលបង្ហាញថាការផ្លាស់ប្តូរនៅកូរ៉េខាងត្បូង នឹងប៉ះពាល់ដល់ការប្តេជ្ញាចិត្ត ក្រោមសន្ធិសញ្ញាការពារជាតិទៅវិញទៅមក រវាងសហរដ្ឋអាមេរិក-ហ្វីលីពីននោះទេ។
គួរបញ្ជាក់ថា ទីក្រុងម៉ានីលបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ ប្រធានាធិបតី លោក Ferdinand Marcos Jr. រួមទាំងការពង្រីកសមយុទ្ធរួមគ្នា និងការបង្កើនលទ្ធភាពសម្រាប់ កងកម្លាំងអាមេរិកចូលប្រើប្រាស់ទីតាំងយោធាហ្វីលីពីន ខណៈដែលភាពតានតឹងជាមួយចិន បានកើនឡើងជាលំដាប់ នៅសមុទ្រចិនខាងត្បូង ជាទីដែលមានបញ្ហាវិវាទទឹកដី។
លោក Teodoro បាននិយាយថា ទីក្រុងម៉ានីល ក៏កំពុងពង្រីកទំនាក់ទំនងសន្តិសុខជាមួយដៃគូផ្សេងទៀតផងដែរ។ ហ្វីលីពីនថ្មីៗនេះ ទើបសម្រេចបានកិច្ចព្រមព្រៀងជាមួយកាណាដា និងនូវែលសេឡង់ ព្រមទាំងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីការធ្វើទស្សនកិច្ចកងទ័ពជាមួយបារាំង និងកំពុងចរចាកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ជាមួយព្រីតថេន (ចក្រភពអង់គ្លេស) ថែមទៀត៕






