ចិនមានបំណងចាក់បញ្ចូលថវិកា ៥៤ពាន់លានដុល្លារ ទៅក្នុងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋ ដើម្បីបង្កើនដើមទុន (Video inside)
07-09-2026 15:21
(ប៉េកាំង)៖ ក្រសួងហិរញ្ញវត្ថុចិន នឹងដឹកនាំការចាក់បញ្ចូលមូលធន ដែលមានទឹកប្រាក់សរុប ៥៤ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុនធានារ៉ាប់រង និងធនាគារគ្រប់គ្រងដោយរដ្ឋ ដែលនេះគឺជាវិធានការសម្របសម្រួលមួយរបស់ប៉េកាំង ដើម្បីពង្រឹងដើមទុននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងវិស័យធានារ៉ាប់រង China Life Insurance (Group) Co ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេរបស់ចិន នឹងទទួលបាន ៣៥ពាន់លានយន់ ឬ ៥,២ពាន់លានដុល្លារអាមេរិក ខណៈដែលក្រុមហ៊ុន China Taiping Insurance Group នឹងទទួលបាន ៧ពាន់លានយន់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនទាំងពីរ។
ដោយឡែក ក្រុមហ៊ុនធានារ៉ាប់រង People's Insurance Company (Group) of China បានប្រកាសផែនការរៃអង្គាសប្រាក់ ១៥ពាន់លានយន់ តាមរយៈការលក់ភាគហ៊ុនប្រភេទ A ដោយផ្ទាល់ ទៅឱ្យក្រសួងហិរញ្ញវត្ថុចិន ដោយប្រាក់ដែលទទួលបាន នឹងត្រូវយកទៅប្រើប្រាស់ដើម្បីបំពេញបន្ថែមដើមទុន។ ក្រុមហ៊ុនធានារ៉ាប់រង China Export and Credit Insurance Corp ក៏បានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុចិន នឹងដាក់ទុនចំនួន ១០ពាន់លានយន់ ដើម្បីបង្កើនដើមទុនស្នូលរបស់ខ្លួន ខណៈក្រុមហ៊ុនធានារ៉ាប់រង China Reinsurance (Group) បានប្រកាសកៀរគរទុនឱ្យបានដល់ ៣ពាន់លានយន់។
នៅក្នុងវិស័យធនាគាវិញ ស្ថាប័នផ្តល់កម្ចីរបស់រដ្ឋចំនួន ៣ ក៏បានប្រកាសដែរថាពួកគេនឹងទទួលបាន ការបណ្ដាក់ទុនបន្ថែមសរុបចំនួន ២៩០ពាន់លានយន់។ ធនាគារទាំង ៣នោះរួមមាន Agricultural Bank of China, Industrial and Commercial Bank of China ដែលជាធនាគាររដ្ឋធំបំផុតពីររបស់ចិន។ មួយទៀតគឺធនាគារនាំចេញ-នាំចូលរបស់ចិន (Export-Import Bank of China)៕




