កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត (Video inside)
08-09-2026 09:58
(សេអ៊ូល)៖ កូរ៉េខាងជើងបាននិយាយថាការសម្ពោធស្ពានមួយខ្សែតភ្ជាប់ជាមួយរុស្ស៉ី កាលពីថ្ងៃចន្ទម្សិលមិញ គឺជាសញ្ញាមួយបង្ហាញពីទំនាក់ទំនងកាន់តែស្អិតល្មួតរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ខណៈសង្រ្គាមអ៊ុយក្រែនបានជំរុញឱ្យប្រជាជាតិទាំង២ ដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់លោកខាងលិចកាន់តែខិតរកគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កូរ៉េខាងជើង និងរុស្ស៉ី បានដាក់ឱ្យប្រើប្រាស់ស្ពានផ្លូវថ្នល់ដំបូងគេរវាងប្រទេសទាំងពីរកាលពីថ្ងៃចន្ទ ដោយលាតសន្ធឹងឆ្លងកាត់ទន្លេ Tumen ហើយភាគីទាំងពីរចាត់ទុកថាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ។ ស្ពានថ្មីនេះស្ថិតនៅក្បែរ «ស្ពានមិត្តភាព ឬ Friendship Bridge» ជាស្ពានផ្លូវដែកដែលត្រូវបានដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ១៩៥៩ ក្រោយបញ្ចប់សង្គ្រាមកូរ៉េ។ ស្ពានថ្មីនេះត្រូវបានរុស្ស៉ីអះអាងថានឹងជួយសម្រួលដល់ការដឹកទំនិញ និងការធ្វើចរាចររវាងប្រជាជននៃប្រទេសទាំង២ បន្ថែមពីលើការធ្វើដំណើរ និងដឹកជញ្ជូនតាម ផ្លូវដែក និងអាកាសដែលមានស្រាប់រវាងប្រទេសទាំង២។
នៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីកូរ៉េខាងជើងម្នាក់ឈ្មោះ Pak Thae Song តាមរយៈការដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថាការសម្ពោធស្ពានខាងលើ បានបន្ថែមសន្ទុះថ្មីមួយដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកូរ៉េខាងជើង និងរុស្ស៉ី ហើយនឹងកាន់តែពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាមិត្តទាំង២។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាងជើង កាន់តែរឹងមាំឡើងចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៉ី ដើម្បីជួយទប់ទល់នឹងការវាយប្រហាររបស់អ៊ុយក្រែនចូលទៅតំបន់នោះ កាលពីឆ្នាំ២០២៤។ ធនាគារកណ្ដាលកូរ៉េខាងត្បូងកាលពីខែកក្កដាកន្លងទៅ បានវាយតម្លៃថា សេដ្ឋកិច្ចកូរ៉េខាងជើងបានកើនឡើង ៣ភាគរយក្នុងឆ្នាំ២០២៥ ដែលជាកំណើន ៣ឆ្នាំជាប់ៗគ្នា ហើយកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងជើងមានការចូលរួមចំណែកមួយផ្នែកធំពីការពង្រីក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរុស្ស៉ី៕








