រុស្ស៉ី បិទស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ ក្នុងទីក្រុង St Petersburg ក្រោយតឹងសសៃកដាក់គ្នាពាក់ព័ន្ធនឹងដ្រូន (Video inside)
08-09-2026 10:30
(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានសម្រេចចិត្តបិទស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុង St. Petersburg ជាការសងសឹកទៅនឹងទីក្រុងបែរឡាំងដែលបានសម្រេចចិត្តបិទស្ថានកុងស៊ុលរុស្ស៉ី ក្នុងទីក្រុង Bonn និងមជ្ឈមណ្ឌលវប្បធម៌មួយរបស់រុស្ស៉ីក្នុងទីក្រុងបែរឡាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការចាត់វិធានការប្រឆាំងនឹងរុស្ស៉ីរបស់អាល្លឺម៉ង់ ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថាទីក្រុងមូស្គូបានប៉ុនប៉ងវាយប្រហារដោយដ្រូនលើអាកាសយានដ្ឋានក្នុងទីក្រុង Leipzig ជាការចោទប្រកាន់មួយដែលទីក្រុងមូស្គូចាត់ទុកថាជារឿងប្រឌិត។ ជាការសងសឹកទៅនឹងអាល្លឺម៉ង់វិញ ក្រសួងការបរទេសរុស្ស៉ីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ ត្រូវតែបញ្ឈប់ការធ្វើប្រតិបត្តិការយ៉ាងយូរមិនឱ្យលើសថ្ងៃទី១៨ ខែកញ្ញាឡើយ។
«គឺអាជ្ញាធរអាល្លឺម៉ង់ដែលជាអ្នកបង្ករឿងមុន និងបង្កើតឱ្យមានការសងសឹកដាក់គ្នាក្នុងទំនាក់ទំនងទ្វេភាគី។ ដូច្នេះរដ្ឋាភិបាលអាល្លឺម៉ង់ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកដែលកើតឡើង»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ី។
បន្ថែមពីលើនេះ ក្រសួងក៏បានទទួលស្គាល់ដែរថាមជ្ឈមណ្ឌលវប្បធម៌ Goethe-Institut របស់អាល្លឺម៉ង់ក្នុងប្រទេសរុស្ស៉ី ក៏ត្រូវបញ្ឈប់ការធ្វើសកម្មភាពផងដែរ ជាមួយការបង្គាប់ឱ្យបុគ្គលិកនៃមជ្ឈមណ្ឌលនេះ ចាកចេញពីរុស្ស៉ីនៅមុនថ្ងៃទី១៣ ខែកញ្ញា៕





