ពន្ធគយសងសឹករបស់កាណាដាលើអាមេរិក ចូលជាធរមាន ស្របពេលការចរចាពាណិជ្ជកម្មជាប់គាំង (Video inside)
08-09-2026 14:31
(អូតាវ៉ា)៖ ពន្ធគយសងសឹករបស់ប្រទេសកាណាដា ទៅលើទំនិញអាមេរិក បានចូលជាធរមាននៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ស្របពេលដែលនាយករដ្ឋមន្ត្រី Mark Carney បានបង្កើនសម្ពាធសេដ្ឋកិច្ចតបតវិញ លើដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដា បន្ទាប់ពីការចរចាបានបរាជ័យកាលពីខែមុន និងធ្វើឲ្យសង្គ្រាមពាណិជ្ជកម្ម ដែលមានរយៈពេល១៨ខែមកហើយ កាន់តែតានតឹងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ពន្ធគយសងសឹកនេះ គ្របដណ្តប់លើទំនិញអាមេរិកមានតម្លៃសរុប ២០ពាន់លានដុល្លារ ជាមួយអត្រាដាក់ពន្ធចន្លោះ ១៥ភាគរយ ដល់ ៥០ភាគរយ លើផលិតផលចាប់ពីដែកថែប គ្រឿងសង្ហារិម រហូតដល់សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិក។ ដោយឡែក ពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានចូលជាធរមានកាលពីខែមុន ប្រឆាំងប្រទេសកាណាដា បានកំណត់គោលដៅលើវិស័យផ្សេងៗ ដូចជា ស្រា គ្រឿងសង្ហារិម ផលិតផលទឹកដោះគោ ស៊ីម៉ងត៍ សម្លៀកបំពាក់ ដងស្ទូចត្រី និងឧបករណ៍កីឡាហុកគី ដែលគ្របដណ្តប់លើទំនិញមានតម្លៃសរុប ២០ពាន់លានដុល្លារ ឬ ៥ភាគរយ នៃការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមកនេះ គឺជាសញ្ញានៃការកើនឡើងកម្តៅជម្លោះរវាងប្រទេសជិតខាងទាំងពីរ ហើយមន្ត្រីអាមេរិក និងកាណាដាទម្លាក់កំហុសដាក់គ្នា ជុំវិញការធ្វើឱ្យបាត់បង់ឱកាសឈានដល់កិច្ចព្រមព្រៀង ដែលកាលពី២សប្តាហ៍មុន មើលទៅហាក់ដូចជាខិតជិតសម្រេចបានទៅហើយ។ ភាពតានតឹង ដែលកាន់តែបន្តកើនឡើងនេះ ក៏បង្កើតភាពមិនច្បាស់លាស់ផងដែរ សម្រាប់អនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង រវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក កាណាដា ដែលត្រូវស្ថិតក្រោមការពិនិត្យមើលឡើងវិញប្រចាំឆ្នាំ បន្ទាប់ពីលោក ត្រាំ បានបដិសេធមិនបន្តសុពលភាពរបស់វា សម្រាប់រយៈពេលមួយទសវត្សរ៍ទៀត៕






