ព្រីតថេនសន្យាផ្តល់ ១០០លានផោន ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ក្នុងនោះរួមទាំងមីស៊ីល Patriot (Video inside)
08-09-2026 15:31
(ឡុងដ៍)៖ ព្រីតថេន (ចក្រភពអង់គ្លេស) បានប្រកាសនៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ថា ខ្លួនប្តេជ្ញាផ្តល់ថវិកា ១០០លានផោន (១៣៥លានដុល្លារ) ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន នារដូវរងានេះ ក្នុងនោះរួមទាំងមីស៊ីល Patriot។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការពារជាតិព្រីតថេន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងឡុងដ៍ក៏នឹងផ្គត់ផ្គង់ផងដែរ នូវមីស៉ីលបាញ់ស្ទាក់ការពារដែនអាកាស គ្រាប់កាំភ្លើងធំខ្នាតធំ និងយន្តហោះដ្រូន ក្រោមក្របខណ្ឌនៃការរួមចំណែកក្នុងកម្មវិធីមួយអង្គការណាតូ ដើម្បីគាំទ្រទីក្រុងកៀវ។ ក្រសួងបានបន្ថែមថា បរិក្ខារទាំងនេះ នឹងត្រូវបញ្ជូនទៅដល់មុនរដូវរងា ដើម្បីជួយអ៊ុយក្រែនការពារហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ជនស៊ីវិលស្លូតត្រង់ និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ពីការវាយប្រហាររបស់រុស្ស៊ី។
អ៊ុយក្រែនពឹងផ្អែកលើប្រព័ន្ធទំនើបៗ ជាចម្បងនោះ គឺមីស៉ីលបាញ់ស្ទាក់របស់ប្រព័ន្ធ Patriot ផលិតដោយសហរដ្ឋអាមេរិក ដើម្បីការពារដែនអាកាសរបស់ខ្លួន ពីការវាយប្រហារដោយមីស៊ីលបាលិស្ទីគរបស់រុស្ស៊ី។ ប៉ុន្តែប៉ុន្មានខែមកនេះ អ៊ុយក្រែនបានរាយការណ៍ពីកង្វះខាតមីស៉ីល Patriot ចាប់តាំងពីអាមេរិក និងអ៉ីស្រាអែល បានធ្វើសង្គ្រាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈ ដែលបណ្តាលឱ្យការផ្គត់ផ្គង់ត្រូវបានបង្វែរ។
ព្រីតថេនគឺជាអ្នកគាំទ្រដ៏ធំបំផុតមួយរបស់អ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែងទប់ទល់ជាមួយរុស្ស៊ី បន្ទាប់ពីការឈ្លានពានរបស់ទីក្រុងម៉ូស្គូ លើប្រទេសជិតខាងរបស់ខ្លួន ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីព្រីតថេន លោក Andy Burnham បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនកាលពីខែមុន ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែង នៅចុងខែកក្កដា។
ថ្មីៗនេះ ព្រីតថេន ទើបតែបានយល់ព្រមចែករំលែកដល់អ៊ុយក្រែន នូវព័ត៌មានស្តីពីគ្រឿងបង្គុំសម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ SCALP ដែលជាកំណែផលិតដោយបារាំងនៃមីស៉ីល Storm Shadow របស់ទីក្រុងឡុងដ៍ ដើម្បីឱ្យអ៊ុយក្រែនអាចបង្កើតខ្សែច្រវាក់ដំឡើង ក្នុងស្រុកផ្ទាល់។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ព្រីតថេន លោក Wes Streeting នៅថ្ងៃអង្គារនេះ នឹងធ្វើជាសហប្រធានលើកដំបូង ក្នុងកិច្ចប្រជុំនៃក្រុម Ukraine Defence Contact Group ជាក្រុមប្រទេសចំនួន៥០ ដែលផ្តល់បរិក្ខារយោធាដល់អ៊ុយក្រែន ។ លោក Streeting បាននិយាយដូច្នេះថា «ទាំងលោកនាយករដ្ឋមន្ត្រី និងរូបខ្ញុំ គឺសុទ្ធតែបានឮយ៉ាងច្បាស់ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកយើង ទៅកាន់ទីក្រុងកៀវ អំពីសារៈសំខាន់នៃការគាំទ្រអ៊ុយក្រែនក្នុងរដូវរងានេះ ខណៈដែលលោក ពូទីន ត្រៀមប្រើប្រាស់រដូវរងាជាអាវុធ ដោយបន្តការវាយប្រហារដ៏ព្រៃផ្សៃប្រឆាំងលើគោលដៅស៊ីវិល និងថាមពល»៕







