ប្រឈមមុខនឹងគ្រោះរាំងស្ងួត ស្រីលង្កា ហាមប្រាមអ្នកទេសចរពីការចូលទស្សនាផ្នែកខ្លះនៃឧទ្យានជាតិ Yala (Video inside)
08-09-2026 15:56
(កូឡុំបូ)៖ ចាប់ពីសប្តាហ៍ក្រោយតទៅ អ្នកគ្រប់គ្រងឧទ្យានជាតិ Yala នៅប្រទេសស្រីលង្កា នឹងបង្កើនវិធានការបន្ទាន់មួយកម្រិតទៀត ដោយហាមភ្ញៀវទេសចរពីការចូលទៅកាន់កន្លែងដែលមានប្រភពទឹក និងតំបន់ដែលមានមនុស្សម្នាច្រើន ដើម្បីផ្តល់ឱកាសឱ្យសត្វព្រៃបានសម្រាកខ្លះ បន្ទាប់ពីបានឆ្លងកាត់រយៈពេលគ្មានភ្លៀងធ្លាក់អស់ជាច្រើនខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦។
«ការហាមប្រាមនេះគឺចាំបាច់ ដោយសារសត្វដែលរងផលប៉ះពាល់ពីកម្ដៅខ្លាំង ត្រូវការលទ្ធភាពងាយស្រួលក្នុងការទទួលបានទឹក ហើយវត្តមានរបស់អ្នកទស្សនានឹងបង្កជាការរំខាន»។ នេះជាការបញ្ជាក់ពីមន្ត្រីឧទ្យានុរក្ស លោក Sujeewa Nishantha។
លោក Sujeewa Nishantha មានភារកិច្ចតាមដានរថយន្តដឹកទឹកយកទៅបំពេញបន្ថែមក្នុងស្រះនានា ទូទាំងតំបន់អភិរក្ស ជាកន្លែងដែលសត្វក្តាន់អុជស ក្របីព្រៃ ស្វាព្រាម និងខ្លារខិនដ៏ល្បីល្បាញប្រចាំឧទ្យាន តែងតែមកផឹកទឹក។ ការបិទទ្វារនៅកន្លែងដែលមានអ្នកចូលទៅទស្សនាច្រើនបំផុតរយៈពេលមួយខែ គឺជាករណីកម្រហើយជាវិធានការដ៏ប៉ះពាល់មួយ មុនពេលចូលដល់រដូវកាលទេសចរណ៍មមាញឹកបំផុត ដែលជាប្រភពចំណូលរូបិយប័ណ្ណបរទេសដ៏សំខាន់សម្រាប់ស្រីលង្កា។
ទោះជាយ៉ាងណា អាជ្ញាធរបានចេញបញ្ជាឱ្យអនុវត្តវិធានការគ្រប់គ្រងទឹក នៅទូទាំងតំបន់ធំៗនៃប្រទេសកោះមួយនេះ ខណៈកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងរយៈពេលជិតមួយទសវត្សរ៍ ហើយត្រូវត្រៀមខ្លួនសម្រាប់លក្ខខណ្ឌរាំងស្ងួតថែមទៀត។ តាមនាយកដ្ឋានឧតុនិយមស្រីលង្កា ប្រទេសនេះកំពុងស្ថិតនៅដំណាក់កាលចាប់ផ្តើមនៃវដ្តរយៈពេល ៩ខែ ដែលត្រូវបានជំរុញដោយបាតុភូតអាកាសធាតុ El Niño។ វដ្តនេះនឹងនាំឱ្យមានភ្លៀងធ្លាក់ខ្លាំងចន្លោះខែវិច្ឆិកា និងខែធ្នូ ហើយប្រែទៅជាគ្រោះរាំងស្ងួតធ្ងន់ធ្ងរលើកទីពីរ ចាប់ពីខែកុម្ភៈឆ្នាំក្រោយ៕





