ក្រុមហ៊ូទី វាយប្រហារលើទីក្រុងចំនួនបួនរបស់អារ៉ាប៊ីសាអូឌីត បណ្តាលឱ្យមនុស្ស ៧៣នាក់រងរបួស ក្នុងការពង្រីកសង្គ្រាមមជ្ឈិមបូព៌ា
08-09-2026 19:12
(គែរ)៖ ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅប្រទេសយេម៉ែន ដែលមានខ្នងបង្អែកពីអ៉ីរ៉ង់ បានបើកការវាយប្រហារលើទីក្រុងចំនួនបួន នៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារនេះ ដោយបណ្តាលឱ្យមនុស្សជាង ៧០នាក់រងរបួស និងបានដុតឆាបឆេះរោងចក្រប្រេងឥន្ធនៈ ដែលនេះហាក់ដូចជាការរីករាលដាលទ្រង់ទ្រាយធំនៃសង្គ្រាមរយៈពេល ៦ខែ នៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ូទី បានអះអាងថា ខ្លួនបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំជ្រៅចូលទៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ដោយបានប្រើប្រាស់យន្តហោះដ្រូន និងមីស៊ីលវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយកន្លែងក្នុងទីក្រុង Khamis Mushait ព្រមទាំងកំណត់គោលដៅលើក្រុមហ៊ុនប្រេងរដ្ឋ និងរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុង Abha, Najran និងទីក្រុងកំពង់ផែ Jazan នៅសមុទ្រក្រហម។ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា ហេតុការណ៍នេះបានបង្កឱ្យមានអគ្គិភ័យឆាបឆេះ និងបណ្តាលឱ្យមនុស្ស ៧៣នាក់រងរបួស រួមទាំងស្ត្រី និងកុមារផងដែរ។
ការវាយប្រហារនេះ ត្រូវបានចាត់ទុកថាជាការវាយប្រហារដ៏ធំបំផុតមួយប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបើកសង្គ្រាមប្រឆាំងនឹងអ៉ីរ៉ង់កាលពីខែកុម្ភៈ។ ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ូទី បានរាយការណ៍ថាយន្តហោះចម្បាំងរបស់អារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន ៤លើក នៅស្រុក Jubah ភាគខាងកើតរដ្ឋធានីសាណា (Sanaa)។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហ៊ូទីលើតំបន់ភាគនិរតីនៃប្រទេសអារ៉ាប៊ីសាអូឌីត បានរុញច្រានតម្លៃប្រេងឆៅពិភពលោកឱ្យហក់ឡើងជាង ២ភាគរយ លើសពី ៩៩ដុល្លារក្នុងមួយបារ៉ែល ខណៈដែលអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បានឱ្យដឹងថាមនុស្សជាង ១៨,៥០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារតែការប្រយុទ្ធគ្នានៅតាមឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសយេម៉ែន ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ៕






