ប្រមុខការទូតអាមេរិក សន្យាផ្តល់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដល់កូឡុំប៊ី ក្នុងជំនួបជាមួយប្រធានាធិបតីថ្មី (Video inside)
09-09-2026 10:11
(Barranquilla)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញក្តីសង្ឃឹមថានឹងឃើញទំនាក់ទំនងសន្តិសុខ រវាងសហរដ្ឋអាមេរិក និងប្រទេសកូឡុំប៊ី មានភាពប្រសើរឡើងវិញ ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីដែលមាននិន្នាការស្តាំនិយម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងនៅឯទីក្រុងឆ្នេរសមុទ្រ Barranquilla ប្រធានាធិបតីកូឡុំប៊ី លោក Abelardo De La Espriella បានឱ្យដឹងថា លោក និងលោក Rubio បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការពង្រីកតួនាទីរបស់កូឡុំប៊ី នៅក្នុងអ្វីដែលលោកហៅថា ជាការធ្វើឱ្យតំបន់អាមេរិកឡាទីនមានភាពរឹងមាំ និងសុវត្ថិភាពខ្ពស់។ លោក De La Espriella បញ្ជាក់ថា កូឡុំប៊ីនឹងក្លាយជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធបញ្ហាប្រទេសជិតខាងគឺវេណេស៊ុយអេឡា។
លោក Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងការពារជាតិអាមេរិក និងកងកម្លាំងសន្តិសុខរបស់ប្រទេសកូឡុំប៊ី កំពុងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការថ្មី និងសំណើរបស់កូឡុំប៊ីទាក់ទងនឹងការផ្គត់ផ្គង់សម្ភារបរិក្ខារ។ លោក Rubio បញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោននឹងស្តារកិច្ចសហប្រតិបត្តិការឡើងវិញជាមួយកូឡុំប៊ី ហើយប្រហែលជាអាចពង្រីកបន្ថែមទៀត។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន កំពុងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលើបញ្ហាផ្សេងៗ រួមទាំងការធ្វើចំណាកស្រុក និងការជួញដូរគ្រឿងញៀន ស្របពេលដែលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកឡើងវិញ នៅទូទាំងតំបន់អាមេរិកឡាទីន៕





