ធ្លាក់ឧទ្ធម្ភាគចក្រពេទ្យនៅប្រទេសម៉ាឡេស៉ី ផ្តាច់ជីវិតមនុស្ស៥នាក់ (Video inside)
09-09-2026 13:27
(គូឡាឡាំពួ)៖ អាជ្ញាធរម៉ាឡេស៊ី នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅតំបន់ដាច់ឆ្ងាយមួយក្នុងរដ្ឋ Sarawak លើកោះ Borneo។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
ឧទ្ធម្ភាគចក្រប្រភេទ BO-105 ដែលធ្វើប្រតិបត្តិការដោយសេវាកម្មគ្រូពេទ្យតាមផ្លូវអាកាសរបស់ម៉ាឡេស៊ី ហៅថា Flying Doctor Service បានធ្លាក់ កាលពីរសៀលថ្ងៃអង្គារ នៅចម្ងាយប្រមាណ ៣១៥គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុង Miri។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយទីក្រុង Miri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្សទាំង៥នាក់ ដែលស្ថិតនៅលើឧទ្ធម្ភាគចក្រ បានស្លាប់ទាំងអស់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកដែលបានបាត់បង់ជីវិត គឺរួមមានអ្នកបើកឧទ្ធម្ភាគចក្រផ្ទាល់ ព្រមទាំងវេជ្ជបណ្ឌិតម្នាក់ ជំនួយការវេជ្ជបណ្ឌិតម្នាក់ និងគិលានុបដ្ឋាក២នាក់។ គិតត្រឹមពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា អ្វីជាមូលហេតុដែលបណ្ដាលឱ្យឧទ្ធម្ភាគចក្រធ្លាក់នោះទេ។
គួរបញ្ជាក់ថា Flying Doctor Service ដែលធ្វើប្រតិបត្តិការក្រោមក្រសួងសុខាភិបាលម៉ាឡេស៉ី ផ្តល់សេវាថែទាំសុខភាព ដល់សហគមន៍ជនជាតិដើម ដែលពឹងផ្អែកយ៉ាងខ្លាំង លើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយសារតែតំបន់ទាំងនោះ មានព្រៃក្រាស់ៗ និងសណ្ឋានដីពិបាកធ្វើដំណើរ។ ជាទូទៅ ក្រុមការងារនៃសេវាកម្មនេះ ដែលរួមមាន មន្រ្តីវេជ្ជសាស្រ្ត ជំនួយការមន្ត្រីវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាលផ្សេងទៀត ធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ឬយន្តហោះខ្នាតតូច ជាមួយកាលវិភាគចុះទៅកាន់ភូមិ និងផ្ទះសហគមន៍ រៀងរាល់១ខែម្ដង ឬរៀងរាល់២ខែម្តង៕






