ថៃ៖ បុរសជាប៉ូលិស បាញ់សម្លាប់ប្រពន្ធជាគ្រូបង្រៀននៅសាលាមួយកន្លែង ប៉ុន្តែក្មេងទាំងអស់មានសុវត្ថិភាព (Video inside)
09-09-2026 14:00
(បាងកក)៖ អាជ្ញាធរនៅប្រទេសថៃ បានឱ្យដឹងថា នាថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីប៉ូលិសម្នាក់បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ដែលជាគ្រូបង្រៀន នៅឯសាលាមត្តេយ្យមួយកន្លែងក្នុងខេត្ត Chonburi ប៉ុន្តែក្មេងៗទាំងអស់គឺមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អាជ្ញាធរថៃប្រចាំតំបន់ បាននិយាយថា ពុំមានកូនសិស្សណាម្នាក់ បានឃើញហេតុការណ៍នោះទេ ដ្បិតវាកើតឡើងនៅក្រៅថ្នាក់រៀន ហើយក្រោយបាញ់សម្លាប់ប្រពន្ធ ខ្មាន់កាំភ្លើងបានត្រឡប់ទៅផ្ទះ ជាទីដែលប៉ូលិសកំពុងចរចាឱ្យរូបគេប្រគល់ខ្លួនតាមសម្រួល។ អភិបាលខេត្ត Chonburi បានឱ្យដឹងថា សិស្សសរុបទាំង៤៤នាក់ រួមជាមួយគ្រូ៣នាក់ និងបុគ្គលិក៣នាក់ទៀត ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ខណៈសាលារៀននោះ ត្រូវបានបង្គាប់ឱ្យបិទទ្វារជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ គឺជាករណីបាញ់ប្រហារថ្មីចុងក្រោយមួយទៀត ដែលបានអង្រួនប្រទេសថៃ ពោលគឺវាកើតមានឡើង ត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីក្មេងជំទង់ម្នាក់ បានបាញ់សម្លាប់យាយតាខ្លួនឯងនៅផ្ទះ រួចហើយធ្វើសកម្មភាពបាញ់សម្លាប់មនុស្ស៥នាក់ផ្សេងទៀត នៅឯសាលារៀនរបស់ខ្លួន មុនធ្វើអត្តឃាត។
ដោយឡែក កាលពីឆ្នាំ២០២២ អតីតមន្រ្តីប៉ូលិសថៃម្នាក់ ប្រដាប់ដោយកាំបិតនិងកាំភ្លើង បានសម្រុកចូលទីតាំងមើលថែទាំកុមារមួយកន្លែង នៅភាគខាងជើងប្រទេសថៃ ដោយបានសម្លាប់ក្មេងៗរហូតដល់២៤នាក់ និងមនុស្សពេញវ័យ១២នាក់ ក្នុងសកម្មភាពវាយប្រហារសម្លាប់មនុស្សយ៉ាងរង្គាលបំផុតមួយ នៃប្រវត្តិសាស្រ្តប្រទេសថៃ៕









