មន្រ្តីអាមេរិក៖ សង្រ្គាមតៃវ៉ាន់ បើផ្ទុះឡើងនឹងជះផលវិបាកដ៏ធ្ងន់ធ្ងរ ចំពោះពិភពលោកទាំងមូល (Video inside)
09-09-2026 14:41
(តៃប៉ិ)៖ មន្រ្តីការទូតកំពូលរបស់អាមេរិកប្រចាំនៅទីក្រុងតៃប៉ិ បាននិយាយនាថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ថា សង្រ្គាមជុំវិញបញ្ហាតៃវ៉ាន់ ប្រសិនបើផ្ទុះឡើង នោះវានឹងមានផលប៉ះពាល់យ៉ាងធំសម្បើមលើសេដ្ឋកិច្ចសកល ខ្លាំងជាងសង្រ្គាមលោកលើកទី២ទៅទៀត ហើយគម្រោងបើកកិច្ចប្រជុំកំពូលអាមេរិក-ចិន នាពេលខាងមុខនេះ គឺជាឱកាសមួយដើម្បីបញ្ចៀសការគណនាខុស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ដូចទៅនឹងប្រទេសភាគច្រើនទៀតដែរ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ដែលត្រូវចិនចាត់ទុកជាទឹកដីរបស់ខ្លួននោះទេ ប៉ុន្តែអាមេរិកគឺជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុត របស់ដែនកោះដែលមានការដឹកនាំក្រោមលទ្ធិប្រជាធិបតេយ្យមួយនេះ។
ថ្លែងអំឡុងវេទិកាវិស័យការពារជាតិមួយនៅទីក្រុងតៃប៉ិ លោក Raymond Green នាយកវិទ្យាស្ថានអាមេរិកប្រចាំតៃវ៉ាន់ American Institute in Taiwan ដែលបម្រើជាស្ថានទូតមិនផ្លូវការរបស់អាមេរិក បានលើកឡើងថា សព្វថ្ងៃពុំមានប្រធានបទណា ដែលមានសារសំខាន់បំផុត ជាងការរិះរកមធ្យោបាយធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិភាព ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នោះឡើយ។
លោក Green បាននិយាយដូច្នេះថា «ក្រៅពីចំនួនមនុស្សស្លាប់ ជម្លោះណាមួយដែលផ្ទុះឡើងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ នឹងមានផលប៉ះពាល់ធំលើសេដ្ឋកិច្ចសកល ខ្លាំងជាងសង្រ្គាមលោកលើកទី២» ហើយលោកអះអាងថា សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានតម្កល់កិច្ចប្រឹងប្រែងរក្សាសន្តិភាពនៅឥណ្ឌូ-ប៉ាស៉ីហ្វិក ជាអាទិភាពចម្បងគេមួយរបស់ខ្លួន ក្នុងនោះរួមទាំងការធ្វើការទូតយ៉ាងស្វាហាប់ ជាពិសេសនៅកម្រិតខ្ពស់បំផុត។ លោក Green បន្តថា កិច្ចប្រជុំកំពូលអាមេរិក-ចិន នាពេលខាងមុខនេះ គឺជាឱកាសមួយដើម្បីជំរុញទំនាក់ទំនងដែលមានស្ថិរភាពយុទ្ធសាស្រ្ត ផ្អែកលើមូលដ្ឋានសមភាព និងបដិការ និងដែលអាចបញ្ចៀសការយល់ច្រឡំនិងការគណនាខុសណាមួយ។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅក្នុងខែកញ្ញានេះ ដើម្បីបើកកិច្ចប្រជុំកំពូល ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ដោយឡែក រដ្ឋាភិបាលតៃវ៉ាន់ របស់លោក Lai Ching-te បានយកការបង្កើនការចំណាយលើវិស័យការពារជាតិ និងការធ្វើទំនើបកម្មយោធា ជាអាទិភាពចម្បង ចំពោះមុខការកើនឡើងនៃសម្ពាធក៏ដូចជាការគំរាមកំហែងពីចិន។ រដ្ឋាភិបាលទីក្រុងតៃប៉ិ បានកំណត់ការចំណាយលើវិស័យការពារជាតិ សម្រាប់ឆ្នាំ២០២៧ ដល់លើស១ទ្រីលានដុល្លារតៃវ៉ាន់ ជាលើកដំបូង៕






