ចិននិងរុស្ស៊ី សង្កត់ធ្ងន់ទំនាក់ទំនងយុទ្ធសាស្ត្រជាមួយកូរ៉េខាងជើង ក្នុងសារអបអរខួបបង្កើតប្រទេស ទៅកាន់លោក គីម ជុងអ៊ុន (Video inside)
09-09-2026 15:07
(ព្យុងយ៉ាង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រើប្រាស់សាររំលឹកខួបលើកទី៧៨ នៃការបង្កើតប្រទេសកូរ៉េខាងជើង ដើម្បីសង្កត់ធ្ងន់ជាថ្មីនូវទំនាក់ទំនងយុទ្ធសាស្ត្រដ៏ជិតស្និទ្ធជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នាថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦។
KCNA បានឲ្យដឹងថា លោក ស៊ី បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា លោកមានឆន្ទៈដើម្បីបន្តពង្រឹងការតម្រង់ទិសជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងចិន-កូរ៉េខាងជើង និងធ្វើការជាមួយលោក គីម ដើម្បីជំរុញការអភិវឌ្ឍប្រទេសទាំងពីរ។ លោក ស៊ី ក៏បានថ្លែងទៀតថា ការពង្រឹងនិងអភិវឌ្ឍចំណងទ្វេភាគី នៅតែជាគោលនយោបាយជាប់លាប់ និងមិនរាថយរបស់បក្សកាន់អំណាច និងរដ្ឋាភិបាលចិន។
រីឯក្នុងសារដាច់ដោយឡែកពីគ្នា លោក ពូទីន បានលើកឡើងថា លោកនឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបំផុត ជាមួយលោក គីម ដើម្បីពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ។ លោកបានថ្លែងថា ចំណងទាក់ទងរុស្ស៊ី-កូរ៉េខាងជើង ដែលកាន់តែរឹងមាំ នឹងរួមចំណែកដល់សន្តិសុខក្នុងតំបន់ និងសណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលមានយុត្តិធម៌ជាងមុន។
គួរបញ្ជាក់ថា ការផ្ញើសារពីសំណាក់លោក ស៊ី និងលោក ពូទីន ត្រូវបានចុះផ្សាយនៅទំព័រមុខនៃកាសែត Rodong Sinmun របស់បក្សកាន់អំណាចកូរ៉េខាងជើង។ KCNA បានឲ្យដឹងបន្ថែមថា លោក គីម ក៏បានទទួលសារអបអរសាទរពីមេដឹកនាំប្រទេសជាច្រើនទៀត រួមមាន វៀតណាម ឡាវ កម្ពុជា ម៉ុងហ្គោលី ស៊ុយអែត បេឡារុស សិង្ហបុរី ស្វ៉ីស និងស៉ីមបាវ៉េ ខណៈកូរ៉េខាងជើង ប្រារព្ធខួបលើកទី៩ ខែកញ្ញា នៃការបង្កើតប្រទេសនៅឆ្នាំ១៩៤៨៕






