IAEA៖ កូរ៉េខាងជើង សង់កន្លែងចម្រាញ់អ៊ុយរ៉ាញ៉ូមថ្មីមួយក្នុងរោងចក្រ Yongbyon (Video inside)
09-09-2026 15:31
(ព្យុងយ៉ាង)៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឱ្យដឹងថា កូរ៉េខាងជើងបានសាងសង់ កន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថ្មីមួយ នៅឯមជ្ឈមណ្ឌលនុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួនក្នុងតំបន់ Yongbyon ដែលអាចផ្ទុកម៉ាស៉ីន centrifuge បានរហូតដល់ ២៨ឈុត ហើយក៏បានចាប់ផ្តើមដំណើរការផ្នែកបន្ថែមមួយ នៅឯទីតាំងចម្រាញ់ក្នុងតំបន់ Kangson ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦។
ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរ ដែលមានមូលដ្ឋាននៅទីក្រុងវីយែនមួយនេះ បានលើកឡើងក្នុងរបាយការណ៍មួយថា ការរកឃើញនានា បង្ហាញពីការពង្រីកជាបន្តបន្ទាប់នៃហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅតាមទីតាំងជាច្រើន។ ចុះថ្ងៃទី២៨ ខែសីហា IAEA បានបញ្ជាក់ថារបាយការណ៍គឺពឹងផ្អែកលើរូបភាពពីផ្កាយរណប និងប្រភពព័ត៌មានបើកចំហនានា រួមទាំងរូបថតដែលផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ដើម្បីតាមដានសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
គេកំណត់បានអត្តសញ្ញាណអគារថ្មីមួយ កម្ពស់២ជាន់នៅរោចក្រ Yongbyon ថាជាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទី២ នៃរោងចក្រនោះ ដោយផ្គូរផ្គងជាមួយរូបថតចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង អំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំ លោក គីម ជុងអ៊ុន កាលពីខែមិថុនា ជាមួយរូបភាពផ្កាយរណបពេលកំពុងសាងសង់អគារ។ របាយការណ៍បញ្ជាក់ថា មានសញ្ញាបង្ហាញថា ប្រតិបត្តិការបានចាប់ផ្តើមនៅខែមករា នៅឯកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងតំបន់ Kangson ក្បែររដ្ឋធានីព្យុងយ៉ាង នៅក្នុងផ្នែកបន្ថែមមួយដែលត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០២៤។
គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០០៩មក IAEA មិនមានអ្នកត្រួតពិនិត្យផ្ទាល់ នៅក្នុងប្រទេសកូរ៉េខាងជើងឡើយ។ ជុំវិញការរកឃើញថ្មីនេះ IAEA ចាត់ទុកថាការវិវត្តនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានរំលោភលើសេចក្តីសម្រេចរ បស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕







