អាមេរិក មិនចេញទិដ្ឋាការឱ្យមេដឹកនាំប៉ាឡេស្ទីនជាថ្មីម្តងទៀត សម្រាប់ការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (Video inside)
17-09-2026 13:10
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានបដិសេធផ្តល់ទិដ្ឋាការអនុញ្ញាតចូលប្រទេស ដល់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN General Assembly) ក្នុងទីក្រុងញូវយ៉កនៅសប្តាហ៍ក្រោយ បន្ទាប់ពីធ្លាប់បានធ្វើដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដែលមិនបានបញ្ជាក់ឈ្មោះលោក Abbas ចំផ្ទាល់ឡើយនោះ ក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួននឹងបដិសេធផ្តល់ទិដ្ឋាការ ដល់សមាជិកអង្គការរំដោះប៉ាឡេស្ទីន (PLO) និងមន្ត្រីរបស់អាជ្ញាធរប៉ាឡេស្ទីន (PA) «ដោយសារពួកគេមិនបានអនុវត្តកំណែទម្រង់ ស្របតាមការប្តេជ្ញាចិត្តចំពោះសហរដ្ឋអាមេរិក និងដោយសារសកម្មភាពបន្តរបស់ពួកគេ ដែលធ្វើឱ្យប៉ះពាល់ដល់ឱកាសសម្រាប់សន្តិភាព»។ ប្រភពដែលដឹងអំពីករណីនេះ បានបញ្ជាក់ប្រាប់ AFP ថា លោក Abbas ដែលជាប្រមុខអាជ្ញាធរប៉ាឡេស្ទីន ក៏ស្ថិតក្នុងចំណោមអ្នកដែលរងការអនុវត្តវិធានការនេះដែរ។
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២៥ ក៏ធ្លាប់បានចាត់វិធានការដូចគ្នានេះដែរ ជាហេតុធ្វើឱ្យលោក Abbas ដែលជាមេដឹកនាំប៉ាឡេស្ទីន តែងតែចូលរួមមហាសន្និបាត UN ដោយផ្ទាល់ជាប្រចាំ មិនអាចធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កបាន ហើយត្រូវថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាត តាមរយៈវីដេអូ។ ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធ ក្រសួងការបរទេសអាមេរិក បាននិយាយថា PLO និង PA «ជាថ្មីម្តងទៀត មិនបានបំពេញតាមការប្តេជ្ញាចិត្តរបស់ពួកគេឡើយ»។ ក្រសួងបានបន្ថែមថា ក្នុងនោះរួមមានការផ្តួចផ្តើមនិងគាំទ្រសកម្មភាពនៅតាមអង្គការអន្តរជាតិ ដូចជាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលធ្វើឱ្យប៉ះពាល់ និងផ្ទុយទៅនឹងការប្តេជ្ញា ដែលបានធ្វើឡើងកន្លងមក។
ចំណាត់ការខាងលើ ធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតក្នុងជំហរខុសគ្នាពីប្រទេសជាច្រើនផ្សេងទៀត រួមទាំងបារាំង ដែលបានទទួលស្គាល់ រដ្ឋប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិ កាលពីឆ្នាំមុន។ បណ្តាប្រទេសជាសមាជិក UN សរុបចំនួន ១៤២ បានគាំទ្រការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បន្ទាប់ពីសន្និសីទស្តីពីដំណោះស្រាយរដ្ឋពីរ ដែលរៀបចំរួមគ្នាដោយបារាំង និងអារ៉ាប៊ីសាអូឌីត។
ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៉ីនតោនកើតមាន ខណៈអំពើហិង្សាដោយអ្នកតាំងទីលំនៅអ៉ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតំបន់ West Bank បានកើនឡើង ក្នុងប៉ុន្មានខែចុងក្រោយនេះ។ យោងតាមការគណនារបស់ AFP ដោយផ្អែកលើ ទិន្នន័យរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន ទាហាន ឬអ្នកតាំងទីលំនៅអ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ១១០៩ នាក់នៅ West Bank ដែលមានទាំងជនសកម្មប្រយុទ្ធ និងជនស៊ីវិល គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលជាពេលការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានសម្លាប់មនុស្សជាង ១២០០ នាក់នៅអ៉ីស្រាអែល និងនាំឱ្យកើតមានសង្គ្រាមសងសឹករបស់អ៉ីស្រាអែល នៅតំបន់ Gaza ដែលបានផ្តាច់ជីវិតមនុស្សរាប់ម៉ឺននាក់។
គួរបញ្ជាក់ថា សហគមន៍អន្តរជាតិ បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងអំពើហិង្សា ប៉ុន្តែសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អ៉ីស្រាអែល ភាគច្រើននៅបន្តស្ងៀមស្ងាត់ ដោយត្រឹមនិយាយថា រដ្ឋាភិបាលអាមេរិក ប្រឆាំងការកាត់បញ្ចូលទឹកដីប៉ាឡេស្ទីន ជាផ្នែកនៃប្រទេសអ៉ីស្រាអែល៕




