គណៈកម្មការសុវត្ថិភាពតាមអ៉ីនធឺណេតសិង្ហបុរី ទទួលបណ្តឹងរាយការណ៍ជាង៥០០ ពាក់ព័ន្ធគ្រោះថ្នាក់តាមអ៉ីនធឺណេត ក្នុងរយៈពេល ២ខែដំបូង (Video inside)
22-09-2026 15:10
(សិង្ហបុរី)៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន លោកស្រី Josephine Teo បានឱ្យដឹងថា គណៈកម្មការសុវត្ថិភាពតាមអ៉ីនធឺណេត ហៅកាត់ OSC បានទទួលបណ្តឹងរាយការណ៍ជាង៥០០ ពាក់ព័ន្ធគ្រោះថ្នាក់ ឬផលប៉ះពាល់អវិជ្ជមានតាមអ៉ីនធឺណេត ចាប់តាំងពីផ្តើមដំណើរការ នាថ្ងៃទី២៩ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦។
តាម OSC ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែសីហា ការយកព័ត៌មានផ្ទាល់ខ្លួនមកលាតត្រដាងជាសាធារណៈ (doxxing) គឺជាទម្រង់នៃគ្រោះថ្នាក់តាមអ៉ីនធឺណេត ដែលកើតមានឡើងញឹកញាប់បំផុត ដោយស្មើនឹង ៤៤ ភាគរយនៃករណីគ្រោះថ្នាក់តាមអ៉ីនធឺណេត ដែលត្រូវបានរាយការណ៍ ផ្អែកលើរបាយការណ៍វិនិច្ឆ័យ។
ការបៀតបៀនតាមអ៉ីនធឺណេត បានកើតឡើងជាបន្តបន្ទាប់ ដោយស្មើនឹង ៣៨ភាគរយនៃករណីប៉ះពាល់អវិជ្ជមានតាមអ៉ីនធឺណេត ដែលត្រូវបានរាយការណ៍។ ប្រហែល ៨ភាគរយនៃករណីទាំងនោះ ពាក់ព័ន្ធការរំលោភបំពានដោយគំរាមបង្ហោះរូបភាពឯកជន ឬរូបភាពស្និទ្ធស្នាល ៧ភាគរយពាក់ព័ន្ធការលួចតាមដាននៅលើអនឡាញ (online stalking) និង ៣ភាគរយពាក់ព័ន្ធការរំលោភបំពានលើកុមារតាមរយៈរូបភាព ដែលក្នុងនោះជនរងគ្រោះមានអាយុក្រោម ១៦ ឆ្នាំ។
OSC បានដោះស្រាយបណ្តឹងរាយការណ៍ដែលមានលក្ខណៈគ្រប់គ្រាន់បានជាង ៩០ភាគរយនៃបណ្តឹងរាយការណ៍ដែលខ្លួនទទួលបាន។ បណ្តឹងរាយការណ៍ដែលមានលក្ខណៈគ្រប់គ្រាន់ គឺធ្វើឡើងដោយជនរងគ្រោះផ្ទាល់ ឬធ្វើឡើងក្នុងនាមពួកគេ ហើយវាមានបង្ហាញពីសកម្មភាពបង្កគ្រោះថ្នាក់ ដែលស្ថិតក្នុងវិសាលភាពនៃច្បាប់ស្តីពីសុវត្ថិភាពតាមអ៉ីនធឺណេត៕







