ចិន ជំរុញឱ្យអាមេរិក «ប្រុងប្រយ័ត្នជាទីបំផុត» រឿងលក់អាវុធឱ្យតៃវ៉ាន់ មុនជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៉ី (Video inside)
24-09-2026 20:38
(ប៉េកាំង/តៃប៉ិ)៖ ក្រសួងការពារជាតិចិន បានជំរុញឱ្យសហរដ្ឋអាមេរិកត្រូវតែមាន «ការប្រុងប្រយ័ត្នជាទីបំផុត» ចំពោះការលក់អាវុធឱ្យកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ មុនពេលបើកកិច្ចប្រជុំកំពូលនៅរដ្ឋធានីវ៉ាស៊ីនតោន រវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៉ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បានសង្កត់ធ្ងន់ថា បញ្ហាកោះតៃវ៉ាន់គឺជាចំណុចស្នូលសំខាន់បំផុតក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក ហើយការរក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ លោក ស៉ី ជីនពីង ត្រូវបានរំពឹងថានឹងដាក់សម្ពាធលើលោក ត្រាំ ឱ្យបញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់ ខណៈដែលកញ្ចប់អាវុធតម្លៃ ១៤ពាន់លានដុល្លារ ត្រូវបានលោក ត្រាំ ពន្យារពេលដោយចាត់ទុកជាសន្លឹកបៀចរចាដ៏សំខាន់មួយ។ ដោយឡែក អាជ្ញាធរតៃវ៉ាន់បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អាមេរិក និងកំពុងតាមដានកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរយ៉ាងដិតដល់បំផុត។
គួរបញ្ជាក់ថា ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជា «បន្ទាត់ក្រហម» ដែលមិនអាចរំលោភបំពានបានឡើយ ខណៈដែលសហរដ្ឋអាមេរិកនៅតែបន្តជាខ្នងបង្អែកអន្តរជាតិ និងជាប្រភពផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់កោះនេះ បើទោះបីជាគ្មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាក៏ដោយ៕




