លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ច ដែលរៀបចំធ្វើឡើងនៅសេតវិមានដោយលោក Donald Trump ប្រធានាធិបតីអាមេរិក
25-09-2026 14:05
(ប៉េកាំង)៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៦ តាមម៉ោងអាមេរិក លោក Donald Trump ប្រធានាធិបតីអាមេរិកបានប្រារព្ធពិធីទទួលបដិសណ្ឋារកិច្ចដ៏មហោឡារឹកនៅសេតវិមាន ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក។
អំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាធ្វើដំណើរទៅដល់សេតវិមាន លោក Donald Trump និងលោកស្រី Melania Trump ជាភរិយាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅកន្លែងចុះពីលើរថយន្ត។ ប្រមុខរដ្ឋ និងភរិយានៃប្រទេសទាំងពីរបានថតរូបអនុស្សាវរីយ៍ រួមគ្នា។ ជាកិច្ចបន្ទាប់ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិកបានថ្លែងសុន្ទរកថាដោយឡែកពីគ្នា។
លោក Xi Jinping បានថ្លែងថា លើកនេះខ្ញុំមកបំពេញទស្សនកិច្ចនៅអាមេរិក ក្នុងបំណងបន្តវេននៃការរឹតចំណងមិត្តភាពរវាងចិននិងអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងដើម្បីបង្កើនផលប្រយោជន៍ជូន ចំពោះប្រជាជននៃប្រទេសទាំងពីរ។ ចិននិងអាមេរិកជាប្រទេសធំ សុទ្ធតែមានទំនួលខុសត្រូវដ៏សំខាន់ នៃប្រវត្តិសាស្ត្រក្នុងការជំរុញការអភិវឌ្ឍ និងភាពរីកចម្រើននៃមនុស្សជាតិ គួរតែបង្កើនការផ្លាស់ប្តូរគ្នា កិច្ចសហប្រតិបត្តិការដោយស្មោះស្មគ្រសុទ្ធចិត្ត និងរួមរស់ដោយសន្តិសហវិជ្ជមាន។
លោក Xi Jinping បានបន្តទៀតថា ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ចិននិងអាមេរិកបានគៀកស្មាគ្នា ដើម្បីប្រយុទ្ធប្រឆាំងការឈ្លានពាននៃហ្វាស៊ីស។ ប្រវត្តិសាស្ត្រនេះ ប្រជាជនចិនមិនដែលបំភ្លេច ប្រជាជនអាមេរិកក៏មិនដែលបានបំភ្លេចដែរ។ ក្តីសង្ឃឹមនៃ
ទំនាក់ទំនងចិននិងអាមេរិកផ្តោតលើប្រជាជន អនាគតនៃទំនាក់ទំនងចិននិងអាមេរិកផ្តោតលើយុវជន។ នៅ៥ឆ្នាំខាងមុខនេះ ភាគីចិននឹងអញ្ជើញយុវជនអាមេរិកចំនួន១សែននាក់ទៀត មកផ្លាស់ប្តូរនៅប្រទេសចិន ។ ខ្លាឃ្មុំផេនដាជាបេសកជនពិសេសនៃចំណងមិត្តភាពរវាងប្រជាជនចិន និងប្រជាជនអាមេរិក។ «ឆ្លៀតឱកាសនេះខ្ញុំសូមចែករំលែកដំណឹងល្អមួយគឺ ប៉ុន្មានថ្ងៃខាងមុខនេះ ផេនដាមួយគូរ មួយឈ្មោះPingping និងមួយទៀតឈ្មោះ Fushuang នឹងមកដល់សួនសត្វAtlanta ជួបជាមួយប្រជាជនអាមេរិក។» «ចូរយើងពួតដៃគ្នាដើម្បី កសាងពិភពលោកឱ្យកាន់តែល្អប្រសើរ!»
លោក Donald Trump ប្រធានាធិបតីអាមេរិកបានថ្លែងថា៖ «ចាប់ពីឆ្នាំ ២០១៦ ដែលខ្ញុំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកលើកទីមួយមក លោក Xi Jinping ប្រធានរដ្ឋចិននិងខ្ញុំ បានបង្កើតចំណងមិត្តភាពដ៏ជ្រាលជ្រៅ។ ចំណងមិត្តភាពនេះ ឈរលើមូលដ្ឋាន គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ស្នូលរបស់ប្រជាជន នៃប្រទេសទាំងពីរចិននិងអាមេរិក។» ជាកិច្ចបន្ត ប្រមុខរដ្ឋ និងភរិយានៃប្រទេសទាំងពីរចិននិងអាមេរិក បានអញ្ជើញទស្សនាការសម្តែងនៃកងម៉ារីនអាមេរិក៕
វិទ្យុមិត្តភាពកម្ពុជាចិន







