លោក Li Qiang នាយករដ្ឋមន្ត្រីចិន ចូលរួមពិធីសម្ពោធបើកពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី៥ និងថ្លែងសុន្ទរកថា
25-09-2026 17:03
(ប៉េកាំង)៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញា នៅក្រុង Hangzhou លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីសម្ពោធបើក ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី៥ និងថ្លែងសុន្ទរកថា។
លោក Li Qiang បានលើកឡើងថា ការរីកចម្រើននៃពាណិជ្ជកម្មឌីជីថល បាននាំមកនូវកម្លាំងចលករថ្មី និងឱកាសថ្មី។ ប្រឈមមុខនឹងនិន្នាការ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច សហគមន៍អន្តរជាតិគួរសហការគ្នាដោយស្មោះ។ គួរបង្កើនការតភ្ជាប់ឌីជីថល ជំរុញឱ្យពាណិជ្ជកម្មមានសេរីភាពជាងមុន។ គួរគាំទ្រឱ្យយន្តការដូចជាអង្គការពាណិជ្ជកម្មពិភពលោកជាដើមអាចដើរតួនាទីកាន់តែល្អ ដើម្បីកសាងសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏យុត្តិធម៌ និងសមហេតុផល។
ភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូបដូចជា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Adylbek Aleshovich Kasymaliev នាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន ជាដើមបានអញ្ជើញចូលរួមពិធីសម្ពោធបើក និងថ្លែងសុន្ទរកថា លោក Mueller អគ្គនាយកអង្គការ UNIDO និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ តំណាងជាង ១២០០ រូបមកពីប្រទេស និងតំបន់ជិត ៥០ និងអង្គការអន្តរជាតិពាក់ព័ន្ធបានចូលរួមក្នុងពិធីនេះ។
មេដឹកនាំបរទេសបានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានចែករំលែកសមិទ្ធផលអភិវឌ្ឍន៍របស់ខ្លួនជាមួយប្រទេសដទៃ រំពឹងទុកចាប់ដៃជាមួយភាគីចិន ដើម្បីលុបបំបាត់គម្លាតឌីជីថល និងបំពេញបន្ថែមកម្លាំងចលករថ្មីដោយឥតឈប់ឈរសម្រាប់ការអភិវឌ្ឍជានិរន្តរភាពនៃពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន




