កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម (Video inside)
04-10-2026 10:28
(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម ១គ្រាប់ ក្នុងការធ្វើតេស្តមួយក្រោមការត្រួតពិនិត្យផ្ទាល់របស់មេដឹកនាំលោក គីម ជុងអ៊ុន ។
KCNA បានឱ្យដឹងថា មីស៊ីលខាងលើត្រូវបានបាញ់ចេញពីតំបន់ភាគខាងកើតប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ ហើយបានធ្លាក់ចំគោលដៅនៅចម្ងាយ ១០០០ គីឡូម៉ែត្រ ពីឆ្នេរភាគខាងកើតរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយថា ការតេស្តមីស៉ីលនេះ មានគោលបំណងហ្វឹកហាត់កងទ័ព ធ្វើប្រតិបត្តិការប្រព័ន្ធអាវុធយុទ្ធសាស្ត្រល្បឿនលឿនជាងសំឡេង និងវាយតម្លៃភាពអាចជឿជាក់បាន ប្រសិទ្ធភាព និងសមត្ថភាពចល័ត នៃយុទ្ធសាស្រ្តទប់ស្កាត់សង្គ្រាមរបស់ប្រទេសកូរ៉េខាងជើង។
ការបាញ់សាកល្បងមីស៉ីលនេះ គឺថ្មីចុងក្រោយគេ ក្នុងចំណោមការធ្វើតេស្តសព្វាវុធជាបន្តបន្ទាប់របស់កូរ៉េខាងជើង នៅក្នុងឆ្នាំនេះ ហើយវាប្រព្រឹត្តទៅ ចំពេលមួយដែលភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែកើនឡើង បន្ទាប់ពីមានករណីផ្ទុះមីននៅតំបន់គ្មានយោធា DMZ កាលពីខែកញ្ញា ដែលបានបណ្តាលឱ្យ ទាហានកូរ៉េខាងត្បូងរងរបួស។ យោធាកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនចាប់បានសញ្ញានៃការបាញ់បង្ហោះមីស៊ីលបាលិស្ទីគពីកូរ៉េខាងជើង ហើយវាយតម្លៃថា មីស៊ីលនេះបានហោះចម្ងាយជាង ៧០០គីឡូម៉ែត្រ ឆ្ពោះទៅសមុទ្រពីឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលសរុបជាង ១០លើកហើយ នៅក្នុងឆ្នាំ២០២៦នេះ។
យោងតាម KCNA នាថ្ងៃអាទិត្យនេះ លោកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់លោក Kim Jong Un និងជាមន្ត្រីជាន់ខ្ពស់ នៃគណបក្សកាន់អំណាច បាននិយាយថា ទីក្រុងព្យុងយ៉ាងត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសត្រូវរបស់ខ្លួនទទួលស្គាល់ពី «ភាពអាចទុកចិត្តបាន និងសមត្ថភាពគំរាមកំហែងដល់អាយុជីវិត» នៃអាវុធវាយប្រហារយុទ្ធសាស្ត្ររបស់ទីក្រុងព្យុងយ៉ាង។ លោកស្រីក៏បានបញ្ជាក់ជាថ្មីដែរថា ការអភិវឌ្ឍមធ្យោបាយទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ នៅតែមានសារៈសំខាន់ជាខ្លាំងសម្រាប់សន្តិសុខជាតិ។
គួរបញ្ជាក់ថា ការធ្វើតេស្តមីស៉ីលខាងលើនេះ បានកើតឡើងចំពេលមានភាពតានតឹងខ្លាំង បន្ទាប់ពីលោកស្រី Kim Yo Jong បានចេញសេចក្តីថ្លែងការណ៍ម៉ឺងម៉ាត់មួយកាលពីថ្ងៃសុក្រ ដោយបដិសេធការទាមទាររបស់ទីក្រុងសេអ៊ូល ឱ្យមានការសុំទោសជុំវិញការផ្ទុះមីននៅតំបន់ DMZ ដែលបានធ្វើឱ្យទាហានកូរ៉េខាងត្បូងរងរបួសធ្ងន់។ កូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា ជាអ្នកដាក់មីនទាំងនោះ និងបានទាមទារឱ្យមានការសុំទោស។ លោកស្រី Kim Yo Jong បានហៅការចោទប្រកាន់របស់ទីក្រុងសេអ៊ូលថា «គ្មានមូលដ្ឋាន» ហើយបាននិយាយថា កូរ៉េខាងជើងមិនបានដាក់មីនដោយចេតនា ដើម្បីកំណត់គោលដៅលើកងទ័ពកូរ៉េខាងត្បូងនោះទេ៕









