ពីខុងជឺដល់សម័យទំនើប៖ ទស្សនវិជ្ជាដែលជំរុញវប្បធម៌គោរពគ្រូនៅប្រទេសចិន
05-10-2026 16:58
(ប៉េកាំង)៖ សម្រាប់ អន្តរជាតិ ទិវាគ្រូបង្រៀនរៀបចំនាថ្ងៃទី៥ ខែតុលា ដោយឡែក ទិវាគ្រូបង្រៀនរបស់ប្រទេសចិន តែងប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ ខែកញ្ញា មិនមែនគ្រាន់តែជាថ្ងៃសម្រាប់សម្តែងការគោរព និងអំណរគុណចំពោះ គ្រូបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសរំលឹកដល់ឫសគល់ដ៏ជ្រៅនៃវប្បធម៌អប់រំរបស់ចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទស្សនវិជ្ជារបស់ខុងជឺ ។
ខុងជឺ ដែលបានចាប់កំណេីតតាំងពី២៥៧៧ឆ្នាំ មុន ត្រូវបានគេចាត់ទុកថាជាគ្រូដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រចិន និងជានិមិត្តរូបនៃការអប់រំ។ ខុងជឺបានលើកកម្ពស់គំនិតថា ការអប់រំគួរតែបើកចំហសម្រាប់មនុស្សគ្រប់រូប ហើយគោលបំណងនៃការអប់រំមិនមែនមានត្រឹមតែការផ្ទេរចំណេះដឹងទេ ប៉ុន្តែគឺការកសាងមនុស្សឱ្យមានសីលធម៌ គុណធម៌ និងការទទួលខុសត្រូវចំពោះសង្គម។
គំនិតដ៏ល្បីរបស់ខុងជឺថា «ការអប់រំមិនរើសអើងវណ្ណៈ-ឋានៈ -ភេទ-វ័យ» បានបង្ហាញពីទស្សនៈអប់រំដែលមានលក្ខណៈជាសកល។ សម្រាប់ខុងជឺ មនុស្សម្នាក់អាចក្លាយជាមនុស្សល្អតាមរយៈការរៀនសូត្រ និងការអប់រំ។ ដូច្នេះ គ្រូមិនមែនជាអ្នកបញ្ជូន ចំណេះដឹងតែមួយមុខទេ ប៉ុន្តែជាអ្នកបើកផ្លូវឱ្យសិស្សស្វែងរកចំណេះដឹង ស្គាល់ខ្លួនឯង និងកែលម្អខ្លួនជាបន្តបន្ទាប់។
ខុងជឺក៏បានផ្តល់តម្លៃខ្ពស់ចំពោះ «គ្រូ» និងទំនាក់ទំនងរវាងគ្រូនិងសិស្ស។ គ្រូត្រូវធ្វើជាគំរូតាមរយៈសីលធម៌ និងការប្រព្រឹត្តរបស់ខ្លួន ខណៈសិស្សត្រូវមានការគោរព ការខិតខំរៀនសូត្រ និងចិត្តបើកចំហក្នុងការទទួលយកចំណេះដឹង។ គំនិតនេះបានបង្កើតវប្បធម៌ «គោរព គ្រូ» និងឲ្យតម្លៃការអប់រំ ដែលបានក្លាយជាផ្នែកសំខាន់មួយនៃវប្បធម៌ចិនអស់រយៈពេលរាប់ពាន់ឆ្នាំ។
នៅក្នុងទស្សនៈខុងជឺ ការអប់រំក៏ជាដំណើរការនៃ ការកែលម្អខ្លួនឯង។ ឃ្លា «រៀនទ្រឹស្តីហើយអនុវត្តជាប្រចាំ» បង្ហាញថា ការរៀនមិនគួរបញ្ចប់នៅក្នុងថ្នាក់រៀនឡើយ។ មនុស្សគួររៀនពេញមួយជីវិត ហើយយកចំណេះដឹងទៅអនុវត្តក្នុងជីវិតពិត។ ដូច្នេះ គ្រូល្អមិនត្រឹមតែបង្រៀនសិស្សឱ្យចេះទេ ប៉ុន្តែបង្រៀនឱ្យសិស្ស ចេះគិត ចេះប្រព្រឹត្ត និងចេះរស់នៅជាមួយអ្នកដទៃ។
ការដាក់ថ្ងៃទី១០ ខែកញ្ញា ជាទិវាគ្រូបង្រៀនរបស់ប្រទេសចិន ក៏បានបន្តបង្ហាញពីការយល់ឃើញថា គ្រូមានតួនាទីសំខាន់ ក្នុងការបណ្តុះធនធានមនុស្ស និងអនាគតរបស់ប្រទេសជាតិ។ ក្នុងន័យនេះ ទិវាគ្រូបង្រៀនមិនមែនជាពិធីរំលឹកដល់ saគ្រូជាបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ឡើងវិញអំពី តម្លៃនៃការអប់រំ តម្លៃនៃចំណេះដឹង និងតម្លៃនៃការបណ្តុះមនុស្ស។
ជាងនេះទៅទៀត ទស្សនវិជ្ជាខុងជឺមានភាពស្របគ្នាជាមួយគំនិតអប់រំសម័យទំនើបមួយចំនួន ដោយផ្តោតលើការរៀនពេញមួយជីវិត ការអភិវឌ្ឍសីលធម៌ ការគោរពអ្នកដទៃ និងការទទួលខុសត្រូវចំពោះសហគមន៍។ ក្នុងបរិបទសកលភាវូបនីយកម្ម គុណតម្លៃទាំងនេះអាចជាស្ពានភ្ជាប់រវាងវប្បធម៌ និងជួយឱ្យយុវជនយល់ថា ចំណេះដឹងដែលមានតម្លៃពិតប្រាកដ គឺចំណេះដឹងដែលនាំទៅរកការរស់នៅដោយសុខដុមរមនា និងការរួមចំណែកដល់សង្គម។
សម្រាប់ប្រទេសចិន ទិវាគ្រូបង្រៀនថ្ងៃទី១០ ខែកញ្ញា ដូច្នេះ អាចមើលឃើញថាជាការបន្តរស់រវើកនៃវប្បធម៌«គោរព គ្រូ» ដែលមានឫសគល់ជ្រៅក្នុងវប្បធម៌ខុងជឺ។ ពីសាលារៀនបុរាណរហូតដល់ប្រព័ន្ធអប់រំទំនើប គោលគំនិតមួយនៅតែមានសារៈសំខាន់៖ ការគោរពគ្រូ គឺជាការគោរពចំណេះដឹង ហើយការឲ្យតម្លៃការអប់រំ គឺជាការវិនិយោគលើអនាគតរបស់មនុស្សជាតិ។
ជារួម សម្រាប់ប្រទេសចិន ប្រជាជាតិចិនមិនត្រឹមតែសម្តែងការដឹងគុណចំពោះអ្នកដែលឈរនៅមុខថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលឹកដល់មរតកបញ្ញា និងសីលធម៌របស់ខុងជឺ ដែលបានបន្តមានឥទ្ធិពលលើវប្បធម៌អប់រំចិនអស់រយៈពេលជាងពីរពាន់ឆ្នាំ។ គ្រូគឺជាអ្នកបន្តពន្លាតចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយ ហើយការអប់រំគឺជាស្ពានដែលភ្ជាប់អតីតកាល មកបច្ចុប្បន្នកាល និងបន្តពង្រីកឥទ្ធិពលមហាសាលដល់អនាគតថែមទៀតផង៕
វិទ្យុមិត្តភាពកម្ពុជាចិន







