ប្រមុខ UN អំពាវនាវឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍នៅហ្កាហ្សា មុនខួប៣ឆ្នាំនៃការវាយប្រហារ ៧ តុលា (Video inside)
06-10-2026 15:08
(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ បានអំពាវនាវឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សា មុនពេលខួបលើកទី៣ នៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ លោក Guterres បាននិយាយនៅក្នុងសារមួយ ដែលចេញផ្សាយក្នុងឱកាសគម្រប់ខួបនេះ ថាភាពរន្ធត់តក់ស្លុត នៃការវាយប្រហារនេះ មិនត្រូវកើតមានម្តងទៀតឡើយ ហើយសង្រ្គាមសងសឹក ដែលផ្ទុះឡើងនៅហ្កាហ្សា ត្រូវតែបញ្ចប់ជាអចិន្រ្តៃយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស បានបើកវាយប្រហារយ៉ាងភ្ញាក់ផ្អើលចេញតំបន់ហ្កាហ្សា ទៅលើប្រទេសអ៉ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១២០០នាក់ និងចាប់ខ្លួន២៥១នាក់ផ្សេងទៀត យកធ្វើជាចំណាប់ខ្មាំង។ អ៉ីស្រាអែលបានឆ្លើយតបដោយធ្វើសង្គ្រាមប្រឆាំងក្រុមហាម៉ាសនៅហ្កាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧៤ ០០០នាក់។
លោក Guterres បានថ្លែងដូច្នេះថា «ការប្រយុទ្ធគ្នាដ៏បំផ្លិចបំផ្លាញ ដែលកើតឡើងបន្ទាប់ពីការវាយប្រហារនោះ បានបង្កការឈឺចាប់ជាខ្លាំង ដល់ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា រួមទាំងការបាត់បង់ជីវិត ការផ្លាស់ទីលំនៅ និងការបំផ្លិចបំផ្លាញយ៉ាងច្រើនសម្បើម។ ជនស៊ីវិលនៅតែបន្តរងទុក្ខក្នុងស្ថានភាពដែលមិនអាចទទួលយកបាន។ ការឈឺចាប់របស់ពួកគេ ក៏ទាមទារឱ្យបញ្ចប់ផងដែរ ហើយត្រូវបញ្ចប់ឥឡូវនេះ»។
លោកបានកត់សម្គាល់ថា បទឈប់បាញ់ដែលសម្រេចបានកាលពីឆ្នាំមុន បាននាំឱ្យមានភាពធូរស្រាលខ្លះ ប៉ុន្តែវានៅមិនទាន់អាចនាំមក នូវសន្តិសុខ ជំនួយមនុស្សធម៌គ្រប់គ្រាន់ ឬច្រកផ្លូវដែលគួរឱ្យទុកចិត្ត ឆ្ពោះទៅរកការស្តារឡើងវិញ និងសន្តិភាពនៅឡើយទេ។ លោក Guterres បាននិយាយថា «ខ្ញុំអំពាវនាវឱ្យគ្រប់ភាគី អនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន ឱ្យបានពេញលេញ និងឈានទៅកាន់ដំណាក់កាលបន្ទាប់ នៃបទឈប់បាញ់។ ដល់ពេលហើយដែលបទឈប់បាញ់ ត្រូវក្លាយជាបទឈប់បាញ់អចិន្ត្រៃយ៍។ ដល់ពេលហើយ ដែលត្រូវអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ក្នុងទ្រង់ទ្រាយធំ។ និងដល់ពេលហើយដែលត្រូវគោរពច្បាប់អន្តរជាតិ»។ ចាប់តាំងពីបទឈប់បាញ់មួយ ត្រូវបានប្រកាសកាលពីខែតុលា ឆ្នាំ២០២៥ កងកម្លាំងយោធាអ៉ីស្រាអែល បានបន្តផ្តាច់ជីវិតមនុស្សជាង ១៤៤០នាក់ នៅហ្កាហ្សា។
ជាចុងក្រោយ លោក Guterres បានបន្ថែមថា ចាំបាច់ត្រូវកសាងដំណើរការនយោបាយមួយ ឆ្ពោះទៅរកសន្តិភាពយូរអង្វែង នៅទូទាំងតំបន់ ដោយលោកបញ្ជាក់ថា អង្គការសហប្រជាជាតិនៅតែប្តេជ្ញាយ៉ាងមុតមាំ ចំពោះគោលការណ៍សំខាន់ៗទាំងនេះ។ លោកអគ្គលេខាធិការ UN បានលើកឡើងថា «សូមឱ្យគម្រប់ខួបលើកនេះ មិនត្រឹមក្លាយជាឆ្នាំមួយទៀតនៃការកាន់ទុក្ខប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើជាការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការកសាងអនាគតមួយដែលខុសពីមុន គឺអនាគតដែលជនជាតិអ៉ីស្រាអែល និងប្រជាជនប៉ាឡេស្ទីន អាចរស់នៅក្បែរគ្នាដោយសន្តិភាព និងសន្តិសុខ ព្រមទាំងទទួលបានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសេចក្តីប្រាថ្នារបស់ពួកគេ»៕






