អ៉ីស្រាអែល បើកការវាយប្រហារថ្មីនៅហ្កាហ្សាសម្លាប់មនុស្សយ៉ាងហោច២នាក់ ចំខួប៣ឆ្នាំនៃព្រឹត្តិការណ៍វាយប្រហារ ៧ តុលា របស់ក្រុមហាម៉ាស
07-10-2026 13:13
(ហ្កាហ្សា)៖ អ៉ីស្រាអែល បានបើកការវាយប្រហារថ្មីៗនៅតំបន់ហ្កាហ្សា នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ស្របពេលដែលខ្លួនប្រារព្ធខួបលើកទី៣ នៃព្រឹត្តិការណ៍រវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ខណៈមន្ត្រីប៉ាឡេស្ទីនបានរាយការណ៍ថា មនុស្សយ៉ាងហោច២នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សំឡេងផ្ទុះខ្លាំងៗចេញពីតំបន់ហ្កាហ្សា ដែលស្ថិតនៅម្ខាងទៀតនៃព្រំដែន អាចត្រូវបានឮនៅទីតាំងដែលធ្លាប់ជាកន្លែងរៀបចំពិធីបុណ្យតន្ត្រី Nova ក្នុងប្រទេសអ៉ីស្រាអែល ខណៈសមាជិកគ្រួសារជាច្រើន បានប្រមូលផ្តុំគ្នានាពេលព្រឹកព្រលឹម ដើម្បីកាន់ទុក្ខចំពោះអ្នកចូលរួមជាង ៣០០នាក់ ដែលត្រូវបានសម្លាប់អំឡុងកម្មវិធីនោះ កាលពី៣ឆ្នាំមុន។
នៅទីក្រុង Gaza City មន្ទីរពេទ្យ Al-Shifa បានរាយការណ៍ថា មនុស្ស ២នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល កាលពីវេលាយប់កន្លងទៅ។ ទីភ្នាក់ងារគាំពារជនស៊ីវិលហ្កាហ្សា បានកំណត់អត្តសញ្ញាណមនុស្សម្នាក់ ក្នុងចំណោមអ្នកស្លាប់ទាំង២នាក់ ថាមានឈ្មោះ Mohamed Tamous និងបានអះអាងថា ម្នាក់នោះជាបុគ្គលិកស្ម័គ្រចិត្តរបស់ស្ថាប័នមួយនេះ ដែលបំពេញតួនាទីជា សេវាសង្គ្រោះបន្ទាន់ប្រចាំនៅហ្កាហ្សា ក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រកាសប្តេជ្ញាថា នឹងលែងមានទៀតហើយ នូវការគ្រប់គ្រងរបស់ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា ក្នុងឱកាសដែលរូបលោកចូលរួមពិធីរំឭកខួប ៣ឆ្នាំ នៃការវាយប្រហាររបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
លោក Netanyahu បាននិយាយដូច្នេះថា «យើងសម្រេចបានសមិទ្ធផលដ៏ធំធេង ប៉ុន្តែនៅមានបេសកកម្មមួយចំនួនទៀតនៅខាងមុខ ហើយយើងមានបំណងបញ្ចប់ពួកវា»។ លោកបានបន្ថែមថា «នឹងមិនមានការគ្រប់គ្រងរបស់ក្រុមហាម៉ាស់នៅហ្កាហ្សាតទៀតឡើយ» ហើយលោកប្តេជ្ញាបន្តកំណត់គោលដៅលើ អ្នកទាំងឡាយណាដែលពាក់ព័ន្ធនឹងការវាយប្រហារ ឬការឃុំឃាំងចំណាប់ខ្មាំង។
ការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើអ៉ីស្រាអែល បានបណ្តាលឱ្យមនុស្ស ១២២១នាក់ស្លាប់។ ក្រុមសកម្មប្រយុទ្ធនេះ ថែមទាំងបានចំណាប់ខ្មាំងចំនួន២៥១នាក់ ទៅកាន់តំបន់ហ្កាហ្សាផងដែរ។ ជាការឆ្លើយតប អ៉ីស្រាអែលបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ ដែលបានសម្លាប់មនុស្សជាង ៧៤ ២០០នាក់នៅក្នុងតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ទោះបីមានការប្រកាសបទឈប់បាញ់ កាលពីខែតុលា ឆ្នាំមុនក៏ដោយ កងកម្លាំងអ៉ីស្រាអែល បានបន្តសម្លាប់មនុស្សលើស ១៤៤០នាក់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីពេលនោះ។ ផែនការសម្រាប់ការគ្រប់គ្រងចាត់ចែងតំបន់ហ្កាហ្សា ក្រោយសង្គ្រាម បានចាប់ផ្តើមលេចចេញរូបរាង ប៉ុន្តែជាជាក់ស្តែង បញ្ហានេះនៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ កាលពីថ្ងៃចន្ទ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញមុខអំពាវនាវឱ្យមាន បទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សា៕







