មេដឹកនាំមីយ៉ាន់ម៉ា Min Aung Hlaing ទៅដល់ម៉ាឡេស៊ី សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (Video inside)
07-10-2026 14:00
(គូឡាឡាំពួ)៖ អតីតមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតីស៉ីវិល លោក Min Aung Hlaing បានមកដល់ប្រទេសម៉ាឡេស៊ី នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ម៉ាឡេស៉ី គិតចាប់តាំងតែពីរូបលោក បានដឹកនាំការធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាច នៅមីយ៉ាន់ម៉ា កាលពីក្នុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
មន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី បានឱ្យដឹងថា យន្តហោះរបស់មេដឹកនាំមីយ៉ាន់ម៉ា បានចុះចតនៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ក្នុងជើងហោះហើរពិសេស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋម៉ាឡេស៉ី ក៏បានបង្ហាញរូបភាពលោក Min Aung Hlaing ចុះពីជណ្តើរយន្តហោះ ហើយឡើងរថយន្តដែលនៅចតរង់ចាំ ផងដែរ។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ កើតមានឡើង ស្របពេលម៉ាឡេស៊ីធ្វើការសម្រេចចិត្តចម្រូងចម្រាសមួយ ដើម្បីបញ្ជូនជនជាតិមីយ៉ាន់ម៉ារាប់ពាន់នាក់ ត្រឡប់ទៅប្រទេសវិញ បើទោះបីអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សបានព្រមានថា អ្នកដែលត្រឡប់ទៅវិញ អាចប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ចំពោះមុខសង្គ្រាមស៊ីវិលកំពុងបន្តក្តៅគគុក នៅមីយ៉ាន់ម៉ាក៏ដោយ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីលោក Min Aung Hlaing ដឹកនាំការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ ២០២១ ដែលបានបង្កឱ្យផ្ទុះជាសង្គ្រាមស៊ីវិល រីករាលដាលនៅទូទាំងប្រទេស។ ជម្លោះនេះត្រូវប៉ាន់ស្មានថា បានសម្លាប់មនុស្សប្រហែល ១០០ ០០០ នាក់ និងធ្វើឱ្យជាង ៣,៥លាននាក់ ត្រូវភៀសខ្លួនចេញពីលំនៅឋាន។
កាលពីចន្លោះចុងឆ្នាំមុន និងដើមឆ្នាំ២០២៦នេះ របបយោធាបានរៀបចំការបោះឆ្នោតមួយ ដែលរងការរិះគន់យ៉ាងទូលំទូលាយ និងបានបើកផ្លូវឱ្យលោក Min Aung Hlaing ដែលស្ថិតក្រោមទណ្ឌកម្មជាច្រើនរបស់ក្រុមប្រទេសលោកខាងលិច ផ្លាស់មកកាន់តួនាទីជាប្រធានាធិបតីស៉ីវិលរបស់មីយ៉ាន់ម៉ា។ ស្ថានការណ៍វិវឌ្ឍនេះ បានញ៉ាំងឱ្យមានការចាប់ផ្តើមខ្លះៗ ឆ្ពោះទៅរកការធ្វើប្រាស្រ័យទាក់ទងឡើងវិញ ជាមួយមីយ៉ាន់ម៉ា។
លោក Min Aung Hlaing និងមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាដទៃទៀត ត្រូវបានហាមមិនឱ្យចូលរួម កិច្ចប្រជុំកំពូលរបស់អាស៊ាន ចាប់តាំងពីឆ្នាំ ២០២១មក ដោយសារការមិនអនុវត្តផែនការសន្តិភាព ដែលផ្តួចផ្តើមដោយអាស៊ាន។ ទោះបែបនេះក្តី ប្រទេសនីមួយៗដែលជាសមាជិក បានចាប់ផ្តើមបោះជំហាន ដើម្បីស្តារទំនាក់ទំនងជាមួយទីក្រុងណៃពិដោឡើងវិញ។
គួរបញ្ជាក់ថា ចាប់តាំងពីក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាជាផ្លូវការ កាលពីខែមេសា លោក Min Aung Hlaing បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសជាសមាជិកអាស៊ាន រួមមាន ថៃ ឡាវ កម្ពុជា និងវៀតណាម ហើយក៏បានធ្វើដំណើរទៅកាន់ ប្រទេសដទៃទៀត ដូចជាចិន ឥណ្ឌា រុស្ស៊ី និងបេឡារុសផងដែរ៕




