អតីតមេដឹកនាំកោះតៃវ៉ាន់ ត្អូញត្អែរប្រាប់វេទិកានៅអាមេរិក អំពីការបន្តដាក់សម្ពាធឥតឈប់របស់ចិន (Video inside)
08-10-2026 15:02
(កាលីហ្វ័រញ៉ា)៖ អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រាប់ទស្សនិកជននៅសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ អំពីការបន្តដាក់សម្ពាធឥតឈប់ឈរ ពីសំណាក់ប្រទេសចិន មកលើដែនកោះនេះ តាមរយៈសកម្មភាពផ្សេងៗដូចជា សកម្មភាពយោធា ដែលមានគោលដៅកែប្រែបរិយាកាសសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Tsai កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកជាលើកដំបូង ចាប់តាំងពីចាកចេញពីតំណែងកាលពី២ឆ្នាំមុន និងបានថ្លែងសុន្ទរកថាក្នុងវេទិកាការពារជាតិមួយ នៅសាកលវិទ្យាល័យ Stanford រដ្ឋ California។ ទីក្រុងវ៉ាស៊ីនតោន គឺជាខ្នងបង្អែកអន្តរជាតិដ៏សំខាន់បំផុតរបស់ទីក្រុងតៃប៉ិ បើទោះបីភាគីទាំងពីរ មិនមានទំនាក់ទំនងការទូតជាផ្លូវការក៏ដោយ។
លោកស្រី បាននិយាយថា តៃវ៉ាន់ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន ត្រូវប្រឈមមុខនឹងបញ្ហាសន្តិសុខបន្ទាន់ជាពិសេស។ យោងតាមសេចក្តីចម្លងសុន្ទរកថា ដែលការិយាល័យរបស់លោកស្រី បានផ្តល់ឱ្យ គឺលោកស្រី Tsai បានលើកឡើងដូច្នេះថា «យើងប្រឈមមុខជារៀងរាល់ថ្ងៃ ជាមួយការវាយប្រហារតាមអ៉ីនធឺណិត សង្គ្រាមផ្លូវចិត្ត ការបំភាន់ព័ត៌មាន ការដាក់គំនាបសេដ្ឋកិច្ច និងការប៉ុនប៉ងជ្រៀតចូលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើង»។
លោកស្រីបានបន្តថា «យន្តហោះនិងនាវាយោធាចិន ក៏ធ្វើប្រតិបត្តិការជុំវិញតៃវ៉ាន់ជាប្រចាំផងដែរ ខណៈសកម្មភាពរបស់កងឆ្មាំសមុទ្រ និងសកម្មភាពផ្សេងៗទៀត បានក្លាយជារឿងកាន់តែញឹកញាប់ នៅជុំវិញដែនទឹករបស់យើង»។ លោកស្រីបានបន្ថែមថា សកម្មភាពតំបន់ប្រផេះបែបនេះ មានគោលបំណងដាក់សម្ពាធ និងបង្កការចំណាយដល់តៃវ៉ាន់ ព្រមទាំងធ្វើតេស្តសមត្ថភាពឆ្លើយតបរបស់តៃវ៉ាន់ និងផ្លាស់ប្តូរបន្តិចម្តងៗនូវបរិយាកាសសន្តិសុខជុំវិញតៃវ៉ាន់ ខណៈទន្ទឹមគ្នាព្យាយាមចៀសវាងផលវិបាកនៃការប្រឈមមុខដាក់គ្នាដោយចំហ។
លោកស្រី Tsai បាននិយាយថា «យើងត្រូវឆ្លើយតបនឹងការបន្តដាក់សម្ពាធឥតស្រាកស្រាន្តនេះ តាមរបៀបដែលរក្សាទំនុកចិត្តលើខ្លួនឯង និងសេរីភាពក្នុងការធ្វើសកម្មភាពរបស់យើង ហើយស្របពេលជាមួយគ្នា បន្តពង្រឹងសមត្ថភាពរបស់យើងក្នុងការការពារខ្លួន ប្រសិនបើសមត្ថភាពកំញើញទប់ស្កាត់ មិនទទួលជោគជ័យ»។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានគូសបញ្ជាក់ជំហររបស់ខ្លួនជាថ្មីក្នុងសប្តាហ៍នេះ យ៉ាងដូច្នេះថា ខ្លួន «ប្រឆាំងយ៉ាងដាច់ខាត ចំពោះការធ្វើទំនាក់ទំនងផ្លូវការគ្រប់ទម្រង់រវាងតំបន់តៃវ៉ាន់របស់ចិន និងសហរដ្ឋអាមេរិក»។ ចិនមិនដែលបោះបង់ចោលការប្រើកម្លាំង ដើម្បីនាំតៃវ៉ាន់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ប៉ុន្តែទីក្រុងប៉េកាំង បានអះអាងថា ខ្លួននៅតែចង់បាន «ការបង្រួបបង្រួមគ្នា» ដោយសន្តិវិធី។
គួរបញ្ជាក់ថា មេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន ដែលបន្តវេនពីលោកស្រី Tsai គឺលោក Lai Ching-te មិនទាន់ធ្លាប់ធ្វើទស្សនកិច្ច មកកាន់សហរដ្ឋអាមេរិកនៅឡើយទេ អំឡុងរដ្ឋបាលអាណត្តិទីពីរ របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ទាំងលោក Lai និងលោកស្រី Tsai សុទ្ធតែបានច្រានចោលការអះអាងរបស់ទីក្រុងប៉េកាំង អំពីអធិបតេយ្យភាពលើតៃវ៉ាន់ ហើយចិនបានបដិសេធមិនធ្វើកិច្ចសន្ទនា ជាមួយអ្នកទាំងពីរឡើយ៕






