តុលាការ ICC ថាអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte មានសុខភាពមាំទាំគ្រប់គ្រាន់ ដើម្បីឡើងសវនាការកាត់ទោស (Video inside)
09-10-2026 15:53
(អាំស្ទែដាំ)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ចៅក្រមរបស់តុលាការ បានសម្រេចថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte មានសមត្ថភាពនិងសុខភាពល្អគ្រប់គ្រាន់ ដើម្បីចូលរួមសវនាការកាត់ទោសលើរូបលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Duterte អាយុ ៨១ឆ្នាំ នឹងត្រូវចូលរួមការបើកសវនាការ នាថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្ម និងប៉ុនប៉ងឃាតកម្ម ដែលត្រូវបានចាត់ទុកជា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោក។ ចៅក្រមបាននិយាយថា ក្រុមអ្នកជំនាញវេជ្ជសាស្ត្របានសន្និដ្ឋានថា លោក Duterte អាចអនុវត្តសិទ្ធិរបស់លោក ក្នុងការទទួលបានសវនាការកាត់ក្តីដោយយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាព ពោលគឺលោកមានសមត្ថភាព និងសុខភាពល្អគ្រប់គ្រាន់ ដើម្បីចូលរួមសវនាការ។
ក្រុមអ្នកជំនាញបានរកឃើញថា លោក Duterte មានការថយចុះខ្លះៗទាំងផ្នែករាងកាយ និងស្មារតី ដែលស្របទៅនឹងអាយុ និងភាពទន់ខ្សោយជាទូទៅ នៃមនុស្សវ័យចំណាស់ ប៉ុន្តែលោក Duterte នៅអាចយល់ដឹងច្បាស់អំពីដំណើរការកាត់ក្តី និងជួយដល់នីតិវិធីការពារក្តីរបស់ខ្លួនលោកបាន។ មេធាវីរបស់អតីតមេដឹកនាំហ្វីលីពីនរូបនេះ កន្លងមកធ្លាប់បានលើកហេតុផលថា លោកបានចុះខ្សោយសមត្ថភាពយល់ដឹងជាខ្លាំង ដូច្នេះស្ថានភាពសុខភាពរបស់លោក គឺមិនល្អគ្រប់គ្រាន់សម្រាប់ឡើងសវនាការទេ។
ក្រុមរដ្ឋអាជ្ញា ICC និយាយថា លោក Duterte ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះការស្លាប់របស់មនុស្សយ៉ាងហោចណាស់ ៧៦នាក់ ក្នុងអំឡុងយុទ្ធនាកាបង្រ្កាបគ្រឿងញៀនរបស់លោក ដែលត្រូវបានអះអាងថា សម្លាប់ជនស៊ីវិលរាប់ពាន់នាក់ ក្នុងចន្លោះពេលចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២។ កាលពីខែកុម្ភៈ លោក Nicholas Kaufman ដែលពេលនោះជាមេធាវីរបស់លោក Duterte បាននិយាយថា ការចោទប្រកាន់ទាំងនេះ មានបង្កប់ហេតុផលនយោបាយ។
គួរបញ្ជាក់ថា ដំណើរការជំនុំជម្រះក្តីនៅ ICC ដែលជាតុលាការអចិន្ត្រៃយ៍តែមួយគត់របស់ពិភពលោក សម្រាប់កាត់ទោសឧក្រិដ្ឋកម្មសង្គ្រាម ជាទូទៅត្រូវចំណាយពេលជាច្រើនឆ្នាំ មុននឹងឈានដល់ការប្រកាសសាលក្រម។ ប្រសិនបើត្រូវរកឃើញជាប់ពិរុទ្ធមែននោះ លោក Duterte អាចប្រឈមនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត៕






