* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លំហូរអ្នក​ដំណើរ​២,១៤ ប៊ីលាននាក់ ក្នុងឱកាស «សប្តាហ៍មាស»៖ ភាពរស់រវើកនៃសេដ្ឋកិច្ចចិននាំមកនូវកាលានុវត្តភាពថ្មីដល់សេដ្ឋកិច្ចសកល

10-10-2026 15:49

(ប៉េកាំង)៖ ពិធីបុណ្យជាតិចិនរយៈពេល ៧ ថ្ងៃ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា «សប្តាហ៍មាស» បានបន្តដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញសន្ទុះវិស័យទេសចរណ៍ សកម្មភាពវប្បធម៌ និងការចំណាយក្នុងស្រុក។ ក្នុងអំឡុងពេលឈប់សម្រាកនេះ ប្រជាជនចិនរាប់លាននាក់បានធ្វើដំណើរកម្សាន្ត ទិញទំនិញ និងស្វែងរកបទពិសោធកម្សាន្តថ្មីៗ នៅទូទាំងប្រទេស។ រូបភាពនៃស្ថានីយរថភ្លើង អាកាសយានដ្ឋាន រមណីយដ្ឋានទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលពោរពេញដោយអ្នកដំណើរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីភាពរស់រវើកនៃទីផ្សារ និងភាពធន់នៃសេដ្ឋកិច្ចចិន។

បើយោងតាមទិន្នន័យពីក្រសួងដឹកជញ្ជូនចិន ចំនួនដំណើរកម្សាន្តឆ្លងតំបន់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែតុលា បានកើនឡើងរហូតដល់ ២,១៤ ប៊ីលានលើក (ប្រមាណ ៣០៦ លានលើកក្នុងមួយថ្ងៃ)។ សន្ទុះនៃការធ្វើដំណើរនេះ បានចាក់បញ្ចូលសាច់ប្រាក់ដោយផ្ទាល់ ទៅក្នុងបណ្តាញដឹកជញ្ជូន អាជីវកម្មសណ្ឋាគារ និងសេវាកម្មពាក់ព័ន្ធជាច្រើន។

ជាមួយគ្នានេះ របាយការណ៍ពីថ្នាលកក់សំបុត្រអនឡាញ Qunar បានបង្ហាញថា ចំនួននៃការកក់សំបុត្រយន្តហោះ ដែលមានចម្ងាយលើសពី ២.០០០ គីឡូម៉ែត្រ បានកើនឡើងជាង ៤០% ហើយការកក់សណ្ឋាគារសម្រាប់ដំណើរកម្សាន្តឆ្លងទីក្រុង (ចាប់ពី ៤ ក្រុងឡើងទៅ) បានកើនឡើង ៥៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ តួលេខនេះបង្ហាញថា ប្រជាជនចិនមិនត្រឹមតែធ្វើដំណើរកម្សាន្តក្នុងតំបន់ជិតៗទេ ប៉ុន្តែថែមទាំងមានបំណងធ្វើដំណើរចម្ងាយឆ្ងាយ និងរយៈពេលយូរជាងមុនផងដែរ។

លើសពីនេះ តំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និងធម្មជាតិស្ងប់ស្ងាត់ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។ តួយ៉ាង ទីក្រុងយានអាន (Yan'an) នៃខេត្តសានស៊ី (Shaanxi) ដែលជាមូលដ្ឋានបដិវត្តន៍ប្រវត្តិសាស្ត្រ ទទួលបានភ្ញៀវទេសចរកើនឡើងជាង ២០% ក្នុងថ្ងៃដំបូងនៃពិធីបុណ្យជាតិ។ ក្រៅពីនេះ ចំណូលពីការលក់សំបុត្រភាពយន្តក្នុងអំឡុងសប្តាហ៍មាសនេះ បានកើនរហូតដល់ទៅជាង ៩០០ លានយ័ន ត្រឹមតែរយៈពេល ៥ ថ្ងៃប៉ុណ្ណោះ។

សន្ទុះនៃការប្រើប្រាស់ក្នុងស្រុកនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល និងប្រជាជនចិនទាំង ១,៤ ប៊ីលាននាក់ ក្នុងការអនុវត្ត «ផែនការប្រាំឆ្នាំទី ១៥ (២០២៦-២០៣០)» ដែលផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាព និងការជំរុញការបើកចំហកម្រិតខ្ពស់ជាមួយសហគមន៍អន្តរជាតិ។

ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពរឹងមាំនៃទីផ្សារប្រើប្រាស់របស់ចិន បានដើរតួនាទីជាកម្លាំងស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកល និងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗ សម្រាប់ពិភពលោកផងដែរ។ ជាក់ស្តែង ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៦ ការនាំចេញរបស់ចិនបានកើនឡើង ១៤,៦% ខណៈការនាំចូលបានកើនឡើងរហូតដល់ ២២% (កំណើននៃការនាំចូលកើនលឿនជាងការនាំចេញចំនួន ៦ ខែជាប់ៗគ្នា)។

ការកើនឡើងនៃការនាំចូលរបស់ចិន មិនត្រឹមតែបំពេញតម្រូវការផលិតកម្ម និងការប្រើប្រាស់ក្នុងស្រុកទេ ប៉ុន្តែថែមទាំងផ្តល់ នូវការបញ្ជាទិញ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសជាដៃគូពាណិជ្ជកម្មផងដែរ។ គិតត្រឹមឆ្នាំ ២០២៦ ចិនបានផ្តល់ការអនុគ្រោះពន្ធ ០% ដល់ប្រទេសចំនួន ៦៣ ដែលជួយសម្រួល និងបើកផ្លូវសម្រាប់ផលិតផលមកពី ប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យមានលទ្ធភាពចូលមកកាន់ទីផ្សារយក្ស​​ចិន​។

សរុបមក «សប្តាហ៍មាស» នៃពិធីបុណ្យជាតិចិន មិនត្រឹមតែជាពេលវេលាសម្រាកកាយរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនភាពរស់រវើក និងភាពធន់នៃសេដ្ឋកិច្ចចិន។ សន្ទុះនៃការប្រើប្រាស់ក្នុងស្រុក និងគោលនយោបាយបើកចំហទីផ្សារជាបន្តបន្ទាប់របស់ចិន នឹងបន្តនាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា