បទវិភាគ៖ ថ្ងៃឈប់សម្រាកសប្តាហ៍មាសជំរុញយ៉ាងខ្លាំងនូវកំណើនសេដ្ឋកិច្ចចិនឱ្យឆ្ពោះទៅរក «ភាពថ្មី»
10-10-2026 15:51
(ប៉េកាំង)៖ “សកម្មភាពថ្ងៃឈប់សម្រាកមានប្រភេទដ៏សំបូរបែប” “ទីផ្សារប្រើប្រាស់បន្តកើនឡើង” “ឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសេដ្ឋកិច្ចចិន និងសក្តានុពលនៃតម្រូវការផ្ទៃក្នុង”។ល។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សេងទៀតបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះថ្ងៃឈប់សម្រាកបុណ្យជាតិចិនដែលទើបតែបញ្ចប់។ ប្រធានបទ “ពិភពលោកទាំងមូលសុទ្ធតែដឹងថាជនជាតិចិនចូលវិស្សមកាលឈប់សម្រាកហើយ” ត្រូវបានជជែកយ៉ាងផុសផលនៅលើបណ្តាញទំនាក់ទំនងសង្គម ហើយពាក្យពេញនិយមដូចជា “Chinamaxxing” និង “China Haul”ត្រូវបានបន្តទទួលបានប្រជាប្រិយភាពនៅក្រៅប្រទេស។
ក្នុងនាមជាវិស្សមកាលបុណ្យជាតិក្នុងឆ្នាំចាប់ផ្តើម នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥របស់ប្រទេសចិន ការចេញធ្វើដំណើរទេសចរណ៍បន្តទទួលបានការពេញនិយមក្នុងសបា្តហ៍មាសនេះ ដោយបង្ហាញពី "ប្រទេសចិនចល័ត" ដល់ពិភពលោក។ ទិន្នន័យបង្ហាញថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាករយៈពេលប្រាំពីរថ្ងៃ មានលំហូរអ្នកដំណើរទៅមកនៅទូទាំងប្រទេសចិនសរុបចំនួន២១៤២លាននាក់ គិតជាមធ្យមក្នុងមួយថ្ងៃមានចំនួន៣០៦លាននាក់ ដែលបានកើនឡើង០.៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចាប់ពីការធ្វើដំណើរទេសចរណ៍ដោយការបើកបររថយន្តផ្ទាល់ខ្លួន ដល់ដំណើរកម្សាន្តវប្បធម៌ដូចជា ទីផ្សារបេតិកភណ្ឌវប្បធម៌អរូបី រហូតដល់"ដំណើរកម្សាន្តតាមស្រុកភូមិ" ការធ្វើដំណើរក្នុងថ្ងៃឈប់សម្រាករបស់ចិន កំពុងប្រែក្លាយពីការថតរូបទៅជាការដកបទពិសោធន៍ដ៏ស៊ីជម្រៅ ដែលឆ្លុះបញ្ចាំងពីការស្វែងរកជីវភាពរស់នៅកាន់តែល្អប្រសើរ។
តាមរយៈថ្ងៃឈប់សម្រាកបុណ្យជាតិចិន ពិភពលោកក៏បានឃើញភាពរស់រវើកនៃការប្រើប្រាស់របស់ប្រទេសចិនផងដែរ។ ចាប់តាំងពីចូលឆ្នាំនេះមក ប្រទេសចិនបានអនុវត្តយុទ្ធនាការពិសេសមួយដើម្បីជំរុញការប្រើប្រាស់ ដែលទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ខែតុលា ផ្លូវថ្មើរជើង (តំបន់ពាណិជ្ជកម្ម) សំខាន់ៗចំនួន៧៨ ដែលស្ថិតក្រោមការពិនិត្យតាមដានរបស់ក្រសួងពាណិជ្ជកម្មចិនមានការកើនឡើងនៃលំហូរអ្នកទស្សនា និងប្រាក់ចំណូលពីការលក់ចំនួន២.៥% និង៤.៧%ដោយឡែកពីគ្នា។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ខែតុលា គោលនយោបាយស្តីពីការយករបស់ចាស់ប្តូរយកការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មីបានបង្កើនប្រាក់ចំណូលចំនួន៣៣.៤៨ពាន់លានយ័នប្រាក់ចិន។
គួរបញ្ជាក់ថា ស្របពេលដែលបច្ចេកវិទ្យាចិនទទួលការអភិវឌ្ឍនិងការប្រើប្រាស់ត្រូវលើកកម្ពស់ ការប្រើប្រាស់បែបថ្មីដូចជា ផលិតផលបៃតងនិងឆ្លាតវៃជាដើមកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ទិន្នន័យធុរកិច្ចនៃក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ពីថ្ងៃទី១ ដល់ថ្ងៃទី៦ខែតុលា ទំហំលក់មនុស្សយន្តឆ្លាតវៃនៅលើវេទិកាសំខាន់ៗបានកើនឡើង១.៣ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំលក់វ៉ែនតាឆ្លាតវៃបានកើនឡើង១ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទំហំលក់ឧបករណ៍សន្សំសំចៃទឹកបានកើនឡើង១៨.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាពិសេស ទន្ទឹមនឹងការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងបញ្ញាសិប្បនិម្មិតនិងឧស្សាហកម្មទេសចរណ៍វប្បធម៌ ដំណើរកម្សាន្តដែលមានមគ្គុទ្ទេសក៍ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត និងដំណើរកម្សាន្តតាមតម្រូវការដោយប្រើបញ្ញាសិប្បនិម្មិតជាដើម បានបង្កើនការដកបទពិសោធរបស់អ្នកប្រើប្រាស់បន្ថែមទៀត។
តាមរយៈថ្ងៃឈប់សម្រាកសប្តាហ៍មាសនេះ ពិភពលោកក៏បានឃើញប្រទេសចិនដែលមានភាពបើកទូលាយផងដែរ។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតនិងជាគោលដៅសំខាន់មួយសម្រាប់ទីផ្សារទេសចរណ៍អន្តរជាតិ។ ទិន្នន័យពីវេទិកាពាក់ព័ន្ធបានបង្ហាញថា ភ្ញៀវទេសចរចិនបានទៅទស្សនាទីក្រុងជាង២០០០នៅទូទាំងពិភពលោកក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិចិន។ជាមួយគ្នានេះដែរ ខណៈដែលប្រទេសចិនកំពុងបន្តកែលម្អ ប្រព័ន្ធសេវាកម្មសម្រាប់ភ្ញៀវទេសចរអន្តរជាតិ តាមច្រកទ្វារ ភ្ញៀវទេសចរបរទេសកំពុងនាំគ្នាសម្រុកទៅកាន់ប្រទេសចិន។ ពីការទៅទស្សនាតំបន់ទេសភាពនិងជិះរថភ្លើងល្បឿនលឿនរបស់ប្រទេសចិន រហូតដល់ការសាកល្បងសម្លៀកបំពាក់បុរាណចិននិងការរៀនធ្វើម្ហូបក្នុងតំបន់ ភ្ញៀវទេសចរបរទេសកំពុងប្រែក្លាយពី"ការដើរទស្សនានៅប្រទេសចិន"ទៅជា"ការដកបទពិសោធពីភាពទាក់ទាញរបស់ប្រទេសចិន"បន្ថែមទៀត។
នៅខែវិច្ឆិកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៩នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ ហើយកិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣នៃថ្នាក់ដឹកនាំអង្គការ APEC ក៏នឹងបើកធ្វើនៅទីក្រុងសិនជិនផងដែរ។ ចាប់ពីថ្ងៃឈប់សម្រាក"សប្តាហ៍មាស"រហូតដល់ព្រឹត្តិការណ៍អន្តរជាតិជាបន្តបន្ទាប់ ប្រទេសចិនបន្តពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន





