មនុស្សម្នាក់ស្លាប់ក្នុងការវាយប្រហារថ្មីរបស់ក្រុមហ៊ូទី លេីអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត
12-10-2026 09:09
(រីយ៉ាដ)៖ អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង ១១នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារថ្មីលើអាកាយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ ទី១១ ខែតុលា មួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយក្រុមហ៊ូទីនៅយេម៉ែន បណ្តាលឱ្យមនុស្ស ១៣នាក់ស្លាប់ និងជាង ៣០០នាក់រងរបួស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦។
ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងវាយបកលេីក្រុមហ៊ូទី បានឱ្យដឹងថា អាវុធមិនស្គាល់អត្តសញ្ញាណបានវាយប្រហារចំស្ថានីយទី ៤នៃអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ បង្កជាអគ្គិភ័យ។ អាជ្ញាធរអាកាសចរណ៍ស៉ីវិលអារ៉ាប៊ីសាអូឌីត បញ្ជាក់ថាមនុស្ស ១១នាក់បានរងរបួសបន្ថែមលើករណីស្លាប់មួយនាក់។
ក្រុមចម្រុះក៏បានឱ្យដឹងដែរថា ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់មីស៉ីលគ្រូសមួយគ្រាប់ នៅក្បែរតំបន់អាកាសយានដ្ឋានអន្តរជាតិ King Khalid។ ក្រោយមក យន្តហោះដ្រូនមួយគ្រឿងត្រូវបានបាញ់ស្ទាក់កម្ទេចនៅខេត្តភាគខាងកើតនៃប្រទេស ហើយមីស៉ីលបាលីស្ទីគមួយគ្រាប់ដែលបាញ់សំដៅទៅកាន់តំបន់ Khamis Mushait ក៏ត្រូវបានស្ទាក់ចាប់ផងដែរ។
តាមអាជ្ញាធរការពារជនស៉ីវិលរបស់អារ៉ាប៊ីសាអូឌីត ការជូនដំណឹងអាសន្នត្រូវបានប្រកាសនៅក្នុងទីក្រុង Abha ដែលស្ថិតនៅភាគខាងត្បូង នាព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែស្ថានភាពគ្រោះថ្នាក់បានកន្លងផុតហើយ។ ការវាយប្រហារទាំងនេះបានបង្ហាញឱ្យឃើញពីកម្រិតសមត្ថភាពការពារជាតិរបស់អារ៉ាប៊ីសាអូឌីត ខណៈកំពុងធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ដែលកំពុងធ្វើសង្គ្រាមជើងគោកនៅក្នុងប្រទេសយេម៉ែន ប្រឆាំងរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអូឌីត៕







