តួកគីយ៉េ ប៉ាគីស្ថាន និងអេហ្ស៉ីប រួមជាមួយអារ៉ាប៊ីសាអូឌីត ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលេីអាកាសយានដ្ឋានទីក្រុងរីយ៉ាដ
12-10-2026 16:38
(អង់ការ៉ា)៖ តួកគីយ៉េ ប៉ាគីស្ថាន អេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត បានថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី (Houthi) ដែលជាសម្ព័ន្ធមិត្តអ៉ីរ៉ង់នៅយេម៉ែន ទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ ដោយចាត់ទុកថាជា «ការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ ដែលមិនអាចរកហេតុផលមកដោះសារ ឬទទួលយកបាន មិនថាជាលេសណាមួយ»។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦។
អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត បានឱ្យដឹងថា មនុស្សម្នាក់ស្លាប់ និង ១១នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារថ្មីលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ ពោលគឺមួយថ្ងៃបន្ទាប់ពីការវាយប្រហារដែលក្រុមហ៊ូទីអះអាងទទួលខុសត្រូវ បណ្តាលឱ្យមនុស្ស ១៣នាក់ស្លាប់ និងជាង ៣០០នាក់រងរបួស។
ក្រុមមហាអំណាចក្នុងតំបន់ដែលគេហៅថា R4 បានបញ្ជាក់ជាថ្មីនូវសាមគ្គីភាព និងការគាំទ្ររបស់ពួកគេចំពោះប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងការគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់ «វិធានការ និងសកម្មភាពស្របច្បាប់» ដែលប្រទេសនេះអនុវត្ត ដើម្បីទប់ទល់នឹងការវាយប្រហារ ទប់ស្កាត់ការគំរាមកំហែង និងការពារកុំឱ្យហេតុការណ៍ទាំងនោះកើតឡើងជាថ្មី។
សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ថា «R4 ចាត់ទុកក្រុមប្រដាប់ហ៊ូទី ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារ និងផលវិបាកនានាដែលកើតឡើង ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់និងអន្តរជាតិ ព្រមទាំងទាមទារឱ្យមានការបញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវរាល់ការវាយប្រហារទាំងនេះ»។
គួរបញ្ជាក់ថា តួកគីយ៉េ ដែលជាសមាជិកអង្គការណាតូ (NATO) និងប៉ាគីស្ថានដែលមានអាវុធនុយក្លេអ៊ែរ បានចុះកិច្ចព្រមព្រៀងការពារជាតិរួមគ្នាជាមួយអារ៉ាប៊ីសាអូឌីត កាលពីខែសីហា ដែលកំណត់ថាការវាយប្រហារលើភាគីណាមួយ ត្រូវបានចាត់ទុកថាជាការវាយប្រហារលើភាគីទាំងអស់។ កាលពីសប្តាហ៍មុន ប្រទេសទាំងនេះបានប្រកាសពីការឯកភាពគ្នាអនុវត្តការប្តេជ្ញាចិត្តការពារ និងធានាឱ្យមានការដាក់ពង្រាយយ៉ាងឆាប់រហ័សនូវកងកម្លាំង និងសមត្ថភាពយោធានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីសំណាក់ក្រុមហ៊ូទី៕





