អ៊ុយក្រែន ចោទរុស្ស៊ីថាបំពាន «បទឈប់បាញ់ថាមពល» របស់លោក ត្រាំ ខណៈ EU សម្រេចដាក់ទណ្ឌកម្មថ្មី
12-10-2026 18:59
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃចន្ទ បានចោទរុស្ស៊ីថាបានបំពាន «បទឈប់បាញ់ថាមពល» ដែលប្រកាសដោយលោក ដូណាល់ ត្រាំ ក្រោយរោងចក្រអគ្គិសនីមួយកន្លែងក្នុងក្រុងខារគីវ (Kharkiv) រងការវាយប្រហារ ព្រមទាំងជំរុញឱ្យអាមេរិកធានាថាក្រុងមូស្គូពិតជាគោរពតាមការសន្យា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
ចំពេលរងសម្ពាធពីតម្លៃប្រេងឡើងថ្លៃមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ លោក ត្រាំ បានធ្វើឱ្យក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុបភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្រាប់តែប្រកាសកាលពីចុងសប្តាហ៍ថារុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងលើបទឈប់បាញ់ថាមពល ព្រមទាំងប្រកាសទិញប្រេងម៉ាស៊ូតពីរុស្ស៊ីថែមទៀត។ ស្របពេលមន្ត្រីអឺរ៉ុបបង្ហាញការសង្ស័យលើរឿងនេះ សហភាពអឺរ៉ុប (EU) បានជំរុញឱ្យអាមេរិកបន្តដាក់សម្ពាធលើក្រុងមូស្គូ និងបានអនុម័តទណ្ឌកម្មថ្មីលើវិស័យឧស្សាហកម្មយោធារុស្ស៊ី។
ថ្លែងតាមវីដេអូទៅកាន់សន្និសីទមួយនៅក្រុងវ៉ាសូវី លោក ហ្សេលេនស្គី ដែលទើបតែដឹងរឿងបទឈប់បាញ់នេះតាមរយៈសារព័ត៌មាន បានបញ្ជាក់ថា អ៊ុយក្រែនមិនបានវាយប្រហារលើរោងចក្រប្រេងរុស្ស៊ីឡើយកាលពីយប់មិញ ប៉ុន្តែបើរុស្ស៊ីចង់ឱ្យក្រុងកៀវផ្អាកការវាយប្រហារ រុស្ស៊ីត្រូវតែឈប់វាយប្រហារលើប្រព័ន្ធថាមពលអ៊ុយក្រែនដូចគ្នា។ លោកសង្កត់ធ្ងន់ថា៖ «បទឈប់បាញ់ថាមពលនេះអាចទៅរួច លុះត្រាតែអាមេរិកលូកដៃជួយពិតប្រាកដ និងធានាឱ្យរុស្ស៊ីគោរពតាមការសន្យា»។
ប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas និងប្រធានាធិបតីបារាំង លោក Emmanuel Macron សុទ្ធតែបានលើកឡើងថា គ្មានសញ្ញាណាមួយបង្ហាញថារុស្ស៊ីគោរពបទឈប់បាញ់ឡើយក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ។ ជាមួយគ្នានោះ ប្រភពដឹងរឿងមួយបានបង្ហើបថា ដើម្បីដាក់សម្ពាធឱ្យក្រុងកៀវយល់ព្រម អាមេរិកបានគំរាមកាត់ផ្តាច់ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងការផ្គត់ផ្គង់សព្វាវុធតាមយន្តការ PURL ទៀតផង៕






