មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត (Video inside)
12-10-2026 21:12
(វ៉ាសូវី)៖ មេបញ្ជាការកំពូលនៃអង្គការណាតូ (NATO) នៅថ្ងៃចន្ទ បានព្រមានរុស្ស៊ីចំៗថា កងទ័ពណាតូនឹងកម្ទេច «អ្វីៗទាំងអស់» ដែលពាក់ព័ន្ធនឹងការវាយប្រហារ ប្រសិនបើក្រុងមូស្គូ «ល្ងង់ខ្លៅល្មម» ហ៊ានបើកការវាយលុកលើទឹកដីសម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាសន្តិសុខវ៉ាសូវី ក្នុងប្រទេសប៉ូឡូញ ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក Alexus Grynkewich ដែលជាមេបញ្ជាការកំពូលកងកម្លាំងចម្រុះណាតូប្រចាំអឺរ៉ុប បានបញ្ជាក់ថា ណាតូជាសម្ព័ន្ធភាពការពារខ្លួន ប៉ុន្តែនឹងរារាំង ទប់ស្កាត់ និងវាយបំបាក់រាល់ការវាយប្រហារលើសមាជិករបស់ខ្លួន ដើម្បីធានាថាការវាយលុកនោះនឹង «បរាជ័យទាំងស្រុង»។
លោកឧត្តមសេនីយ៍ Grynkewich បានសង្កត់ធ្ងន់ថា៖ «បើនរណាម្នាក់ល្ងង់ខ្លៅល្មមហ៊ានវាយប្រហារលើយើង យើងនឹងវាយបកវិញ។ យើងនឹងទប់ស្កាត់ការវាយប្រហារ និងកម្ទេចចោលរាល់គោលដៅរបស់ពួកគេ។ និយាយឱ្យខ្លី យើងនឹងធានាថារាល់ការវាយប្រហារលើសម្ព័ន្ធមិត្តណាតូ គឺគ្មានបានការអ្វីឡើយ»។
លោកបានបន្ថែមថា ប្រសិនបើចាំបាច់ ការសងសឹកនឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំ ដោយវាយប្រហារឱ្យហួសពីតំបន់សមរភូមិមុខ ដោយលោកបានបញ្ជាក់ថា៖ «ប្រសិនបើសត្រូវនៅតែចចេសបន្តការវាយប្រហារ ឬបញ្ជូនកម្លាំងបម្រុងមកទៀត យើងនឹងកម្ទេចប្រព័ន្ធធ្វើសង្គ្រាមទាំងមូលរបស់ពួកគេ ដែលមិនត្រឹមតែកងទ័ពវាយប្រហារផ្ទាល់នោះទេ គឺរួមទាំងប្រព័ន្ធគាំទ្រ ផ្គត់ផ្គង់ និងបញ្ជាការទាំងអស់»។
ការព្រមានធ្ងន់ៗនេះ ធ្វើឡើងចំពេលភាពតានតឹងរវាងអឺរ៉ុប និងរុស្ស៊ី កំពុងឡើងកម្តៅខ្លាំង ក្រោយរដ្ឋាភិបាលអឺរ៉ុបបានចោទក្រុងមូស្គូពីការបង្កើនសកម្មភាពបំផ្លិចបំផ្លាញ បង្ហោះដ្រូនរំលោភដែនអាកាស និងវាយប្រហារសាយប័រ ខណៈរុស្ស៊ីកាលពីខែមុន ក៏បានគំរាមប្រើអាវុធនុយក្លេអ៊ែរ បើណាតូហ៊ានផ្តាច់តំបន់កាលីនីងក្រាដ (Kaliningrad)៕




