ហ៊ូទីព្រមានសងសឹកយ៉ាងចាស់ដៃ ប្រសិនបើសហរដ្ឋអាមេរិកលូកដៃជួយអារ៉ាប៊ីសាអូឌីត (Video inside)
13-10-2026 09:37
(សាណា យេម៉ែន)៖ មន្ត្រីម្នាក់របស់ក្រុមឧទ្ទាមហ៊ូទី នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ បានព្រមានថាសហរដ្ឋអាមេរិកនឹងទទួលរងការឆ្លើយតបមួយដ៏ឈឺចាប់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចូលរួមក្នុងសង្រ្គាមនៅយេម៉ែន ខណៈមានសេចក្ដីរាយការណ៍ថាអារ៉ាប៊ីសាអូឌីតបានស្នើសុំជំនួយពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីដោះស្រាយជាមួយក្រុមឧទ្ទាមដែលមានអ៉ីរ៉ង់ជាមេកើយមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សង្រ្គាមស៊ីវិលនៅយេម៉ែនជាទីដែលក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតគាំទ្ររដ្ឋាភិបាលយេម៉ែនប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយ អ៉ីរ៉ង់បានផ្ទុះឡើងវិញកាលពីខែកក្កដាកន្លងទៅ ហើយបាន និងកំពុងបង្កព្រួយបារម្ភពីការផ្ទុះរាលដាលទៅជាជម្លោះក្នុងតំបន់ទាំងមូល នៅចំំំពោះមុខការឡើងថ្លៃតម្លៃថាមពល។ ក្រុមហ៊ូទីបានបើកការវាយប្រហារម្ដងហើយម្ដងទៀតដោយកំណត់គោលដៅរោងចក្រប្រេង កប៉ាល់ដឹកប្រេង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបាននិយាយថាខ្លួនបានស្ទាក់ចាប់បំផ្លាញមីស៊ីលបាលិស្ទីគ ២គ្រាប់ ដែលត្រូវបានបាញ់ដោយពួកភេរវករហ៊ូទី ឆ្ពោះទៅកាន់ Khamis Mushait ជាទីក្រុងមួយដែលមូលដ្ឋានទ័ពអារ៉ាប៊ីសាអូឌីតធ្លាប់រងការវាយប្រហារកន្លងមក។ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋានទីក្រុងរីយ៉ាដ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅដែលបានសម្លាប់មនុស្ស ១៣នាក់ និងជាង៣០០នាក់រងរបួស លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថារូបលោកកំពុងពិចារណាចូលរួមក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមហ៊ូទី បន្ទាប់ពីមានសេចក្ដីរាយការណ៍ថារូបលោក បានច្រានចោលសំណើសុំជំនួយពីមេដឹកនាំអារ៉ាប៊ីសាអូឌីត។
នៅក្នុងបទសម្ភាសន៍ជាមួយ AFP មន្ត្រីហ៊ូទី Mohammed Al Bukhaiti ជាសមាជិកការិយាល័យនយោបាយរបស់ក្រុមហ៊ូទី បានព្រមានថាប្រសិនបើសហរដ្ឋអាមេរិកចូលរួមក្នុងការឈ្លានពានប្រឆាំងយេម៉ែន នោះក្រុមហ៊ូទីនឹងធ្វើការសងសឹកវិញយ៉ាងចាស់ដៃដោយកំណត់គោលដៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់។ លោកក៏បានព្រមានដែរឱ្យបុគ្គលិក និងកម្មករ ទាំងអស់នៅឯរោងចក្រប្រេង និងអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត ស្ថិតនៅឱ្យឆ្ងាយពីទីតាំងទាំងនេះដែលបានក្លាយជា គោលដៅស្របច្បាប់របស់ហ៊ូទី។
លោក Bukhaiti បានបញ្ជាក់ថាគោលដៅនៃយុទ្ធនាការរបស់ក្រុមហ៊ូទី ប្រឆាំងនឹងគោលដៅអារ៉ាប៊ីសាអូឌីតគឺជាការបញ្ជូនសារមួយទៅកាន់ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន ថាព្រះអង្គលែងអាចបើកការវាយប្រហារប្រឆាំងនឹងក្រុមហ៊ូទី ចេញពីកន្លែងមួយដែលមានសុវត្ថិភាពទៀតនោះទេ៕




