ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់ (Video inside)
13-10-2026 11:09
(កដ្ឋមណ្ឌូ)៖ ក្រុមអ្នកដើរព្រៃជាជនបរទេសជាង ១០០នាក់ បានជាប់គាំងនៅតាមទីតាំងផ្សេងៗគ្នា បន្ទាប់ពីជំនន់ទឹកទន្លេបានកើតមានឡើងភ្លាមៗ នៅតំបន់ភាគកណ្តាលនៃប្រទេសនេប៉ាល់ កាលពីចុងសប្តាហ៍កន្លងទៅ ដោយហូរនាំយកផ្លូវដើរព្រៃ និងស្ពាននានាទៅជាមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦។
កាលពីថ្ងៃចន្ទ អាជ្ញាធរបានជួយសង្គ្រោះមនុស្សចំនួន ៣២១នាក់ រួមទាំងជនបរទេស ១២នាក់ពីហេតុការណ៍បាក់ដី នៅឯស្រុក Gorkha ស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រភាគខាងលិចទីក្រុង Kathmandu។ ការបាក់ដីនេះបានបិទខ្ទប់ទន្លេ Budhi Gandaki ដែលបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ផ្នែកខាងក្រោមនៃទន្លេ។ កងទ័ពបានឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះបន្តធ្វើឡើងនៅថ្ងៃអង្គារនេះ។
Budhi Gandaki គឺជាដៃទន្លេ Trishuli ស្ថិតនៅផ្នែកខាងក្រោមដៃទន្លេមួយផ្សេងទៀត ហើយដែលជាទីមានហេតុការណ៍បាក់ស្រុតផ្ទាំងទឹកកក បង្កជាទឹកជំនន់ដ៏មហន្តរាយខែសីហា សម្លាប់មនុស្ស ១ ៤៥៧នាក់ និងបន្សល់ទុកអ្នកបាត់ខ្លួនរាប់ពាន់នាក់ទៀត។ តាមអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ មិនមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតនៅក្នុងហេតុការណ៍ទឹកជំនន់ថ្មីនេះទេ ប៉ុន្តែអ្នកភូមិចំនួន ៥នាក់បានបាត់ដំណឹង បន្ទាប់ពីល្បាប់ភក់ខ្មៅ និងកម្ទេចកម្ទីនានាហូរនាំយកផ្ទះសម្បែង និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងរោងចក្រវារីអគ្គិសនីចំនួន ៣។
លោក Bhuwan Raj Ojha មន្ត្រីម្នាក់នៃគម្រោងតំបន់អភិរក្ស Manaslu បានឱ្យដឹងថា មានអ្នកដើរព្រៃជាជនបរទេសជាង ១០០នាក់ បានជាប់គាំងនៅតាមតំបន់ផ្សេងៗគ្នា និងមិនអាចត្រឡប់មកវិញបាន ដោយសារតែផ្នែកខ្លះនៃផ្លូវដើរត្រូវទឹកហូរនាំយកទៅ។ ព័ត៌មានបឋមពីអាជ្ញាធរនេប៉ាល់ដែលត្រូវបានពិនិត្យដោយអង្គការអន្តរជាតិសម្រាប់ការអភិវឌ្ឍតំបន់ភ្នំបែបចម្រុះ (ICIMOD) បានឱ្យដឹងថា ទឹកជំនន់ថ្មីៗនេះអាចបណ្តាលមកពីការបាក់ទំនប់ស្ទាក់ទឹក ដែលកើតឡើងដោយសារបំណាក់ដី។
«ព្រឹត្តិការណ៍នេះគឺជាការរំលឹកមួយទៀត អំពីភាពងាយរងគ្រោះរបស់សហគមន៍នៅតំបន់ភ្នំ និងតំបន់តាមបណ្តោយទន្លេ ចំពោះគ្រោះថ្នាក់ដែលកើតឡើងភ្លាមៗ និងបង្កជាផលប៉ះពាល់ជាបន្តបន្ទាប់។ ខណៈកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនៅតែជាអាទិភាពបន្ទាន់ ការស្វែងយល់ពីមូលហេតុដែលបង្កជាទឹកជំនន់ នឹងកាន់តែសំខាន់យ៉ាងខ្លាំងសម្រាប់ការកាត់បន្ថយហានិភ័យនាពេលអនាគត និងការពង្រឹងភាពធន់»។ នេះជាការគូសបញ្ជាក់របស់លោក Pema Gyamtsho ប្រធានអង្គការ ICIMOD៕







