៥៦ជនជាតិ គ្រួសារតែមួយ៖ រួមគ្នាពង្រឹងកម្លាំងជាតិ ដើម្បីជំរុញទំនើបកម្មសង្គមនិយមតាមបែបផែនចិន
13-10-2026 16:19
(ប៉េកាំង)៖ ជាប្រវត្តិសាស្ត្រ ប្រទេសចិនមានអរិយធម៌ជាង៥០០០ឆ្នាំ ដែលបុព្វបុរសជនជាតិចិនបានបន្សល់ទុក នូវមរតកដ៏សម្បូរបែបក្នុងវិស័យទស្សនវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា អក្សរសាស្ត្រ សិល្បៈ និងអភិបាលកិច្ចសង្គម។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា មរតកទាំងនេះមិនត្រឹមតែជាមោទកភាពរបស់ប្រជាជនចិន ប៉ុណ្ណោះទេ ថែមទាំងជាការទំនួលខុសត្រូវរបស់ប្រជាជនចិនតជំនាន់ ក្នុងការថែរក្សា បន្តវេន និងអភិវឌ្ឍឱ្យ ស្របតាមសម័យកាលថ្មី ផងដែរ។ ប្រវត្តិសាស្ត្រជាង៥០០០ឆ្នាំ គឺជាមូលដ្ឋាននៃអត្តសញ្ញាណ និងមោទកភាពរបស់ប្រជាជនចិន ហេីយការបន្តភាពរុងរឿង របស់អរិយធម៌ចិនមិនអាចពឹងផ្អែក តែលើសមិទ្ធផលរបស់បុព្វបុរសនោះទេ ពោលប្រជាជនចិនជំនាន់បន្តបន្ទាប់ ត្រូវមានសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវ ច្នៃប្រឌិត និងបង្កើតសមិទ្ធផលថ្មីៗ ដោយភ្ជាប់ប្រាជ្ញាបុរាណជាមួយវិទ្យាសាស្ត្រទំនើប និងអត្តសញ្ញាណជាតិជាមួយការបើកចំហចំពោះពិភពលោក។
ជាគតិបណ្ឌិត លោក Xi Jinping ប្រធានរដ្ឋចិន បានសង្កត់ធ្ងន់ជាបន្តបន្ទាប់លើការកសាងសហគមន៍ប្រជាជាតិចិន ដោយពង្រឹងសាមគ្គីភាព រវាងជនជាតិទាំង៥៦ និងជំរុញឱ្យប្រជាជនគ្រប់ជនជាតិរួមគ្នាខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការអភិវឌ្ឍ និងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ។ ទស្សនៈនេះបង្ហាញថា សាមគ្គីភាពជាតិគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការប្រមូលផ្តុំកម្លាំងប្រជាជន និងជំរុញទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
ជាប្រាជ្ញាចិន គោលគំនិត «៥៦ជនជាតិ គ្រួសារតែមួយ» បង្ហាញពីសារៈសំខាន់នៃសាមគ្គីភាពក្នុងភាពចម្រុះ។ ទោះបីជាជនជាតិនីមួយៗ មានភាសា ប្រពៃណី និងអត្តសញ្ញាណវប្បធម៌ខុសៗគ្នាក៏ដោយ ក៏ប្រជាជាតិចិនទាំង៥៦ជនជាតិអាចរួមរស់ និងចូលរួមកសាងប្រទេសជាតិ ដោយមានគោលដៅរួម។ ភាពចម្រុះនេះអាចក្លាយជា ធនធានដ៏មានតម្លៃសម្រាប់ការច្នៃប្រឌិត ការផ្លាស់ប្តូរចំណេះដឹង និងការអភិវឌ្ឍសង្គម។ ក្នុងន័យនេះ សាមគ្គីភាពជាតិដែលមាននិរន្តរភាព ត្រូវភ្ជាប់ជាមួយការលើកកម្ពស់ ជីវភាពប្រជាជនចិន ការអភិវឌ្ឍប្រកបដោយតុល្យភាព និងការថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវភាពចម្រុះ នៃវប្បធម៌ទាំង៥៦ ជនជាតិ ។ ការធានាឱកាសអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការកែលម្អសេវាសាធារណៈ និងការលើកទឹកចិត្តឱ្យប្រជាជនចិន ជាពិសេស ស្រ្តីបានចូលរួមកាន់តែសកម្មក្នុងចរន្តនៃការអភិវឌ្ឍ គឺជាកត្តាគន្លឹះសំខាន់ដែលបាននិងកំពុងបម្លែងសាមគ្គីភាព ទៅជាកម្លាំងជាក់ស្តែងមហាសាលក្នុងការអភិវឌ្ឍជាតិ។
ជាទស្សនវិជ្ជា ការជំរុញទំនើបកម្មសង្គមនិយមតាមបែបផែនចិន ពិតណាស់ត្រូវការការប្រមូលផ្តុំកម្លាំងរបស់ប្រជាជនទាំងមូល ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងគ្រប់វិស័យ ចាប់ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម និងឧស្សាហកម្ម រហូតដល់ការអប់រំ វប្បធម៌ និងអភិបាលកិច្ច។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបកស្រាយពីកម្លាំងប្រមូលផ្តុំនេះបានកំណត់ច្បាស់នៅក្នុងអភិបាលកិច្ចប្រទេសចិន ដូចមានរៀបរាប់នៅក្នុងសៀវភៅ «ប្រជាធិបតេយ្យតាមបែបផែនចិន» ដែលបានបោះពុម្ពក្នុងឆ្នាំ២០២២ ។
ជារួម «៥៦ជនជាតិ គ្រួសារតែមួយ» គឺជាគំនិតស្តីពីការប្រែក្លាយសាមគ្គីភាព ទៅជាកម្លាំងអភិវឌ្ឍន៍ជាតិ។ ការថែរក្សាមរតកអរិយធម៌ជាង ៥០០០ឆ្នាំ គឺជាកាតព្វកិច្ចរបស់មនុស្សជំនាន់ក្រោយ ដែលត្រូវមានទាំងចំណេះដឹង សមត្ថភាព គុណធម៌ និងឫទ្ធានុភាពក្នុងគ្រប់វិស័យ ដើម្បីបន្តបង្កើតសមិទ្ធផលថ្មីៗ។ អតីតកាលជាឫសគល់ បច្ចុប្បន្នជាការទទួលខុសត្រូវ ហើយអនាគតជាបេសកកម្មរួម saរបស់ប្រជាជនចិនទាំង៥៦ជនជាតិ ក្នុងការរួមគ្នាសម្រេចឱ្យបានការស្តារភាពអស្ចារ្យឡេីងវិញ របស់ប្រជាជាតិចិន ការជំរុញល្បឿននៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន និង ការរួមចំណែកដល់ការរីកចម្រើនរបស់មនុស្សជាតិ។ «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» «គំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់និងផ្លូវ» «គំនិតផ្ដួចផ្ដើមសកលទាំង៤» សុទ្ធសឹងជាសក្ខីភាពបញ្ជាក់ពីវឌ្ឍនភាពរបស់ប្រទេសចិន គឺជាកាលានុវត្តភាពរបស់ពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន







