លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន (Video inside)
14-10-2026 09:26
(កៀវ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាទីក្រុងវ៉ាស៊ីនតោននៅតែបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវបានរាយការណ៍ថាការវាយប្រហារថ្មីមួយដោយមីស៊ីលរបស់រុស្ស៉ីបានកើតឡើងដោយមិនមានការព្រមានជាមុនដូចធម្មតា និងចោទប្រកាន់រុស្ស៉ីពីការបំពានបទឈប់បាញ់ថាមពលដែលត្រូវបានប្រកាសដោយលោក ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថាកងកម្លាំងរុស្ស៉ីបានវាយប្រហារលើទីក្រុងកៀវកាលពីថ្ងៃអង្គារ ដោយប្រើមីស៊ីលបាលិស្ទីគជាមួយការកំណត់គោលដៅលើរោងចក្រ ថាមពល រីឯចៅហ្វាក្រុងកៀវបានអះអាងការវាយប្រហារមួយលើអគារស្នាក់នៅមួយកន្លែងបានសម្លាប់មនុស្ស ២នាក់។ «ជាថ្មីម្ដងទៀត មិនមានការព្រមានជាមុនពីដៃគូរបស់យើងឡើយ»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី ក្នុងការបង្ហោះលើ Telegram ដោយមិនមានការពន្យល់ថាតើហេតុអ្វីបានជាមិនមានការព្រមានជាមុនពីការវាយប្រហារដោយមីស៊ីលពីរុស្ស៉ីនោះទេ?
លោក ហ្សេលេនស្គីបានបន្ថែមថាបើតាមចារកម្មអ៊ុយក្រែន រុស្ស៉ីកំពុងត្រៀមបើកការវាយប្រហារដោយមីស៊ីលបាលិស្ទីគបន្ថែមទៀត ហើយការវាយប្រហារទាំងនោះទៀតសោតបានបង្ហាញថារុស្ស៉ី មិនមានបំណងអនុវត្តតាមបទឈប់បាញ់ថាមពលមួយប្រកាសដោយលោក ត្រាំ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនោះឡើយ។ តែទោះជាយ៉ាងនេះក្ដី លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកនៅតែបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែន ហើយកំពុងធ្វើការទាំងជាមួយទីក្រុងកៀវ និងទីក្រុងមូស្គូ ដើម្បីបិទបញ្ចប់សង្រ្គាម។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញ និងមន្ត្រីលោកខាងលិច រួមទាំងអ៊ុយក្រែន បាននិយាយថាអ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ពីសហរដ្ឋអាមេរិក អំពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ី រួមទាំងការវាយប្រហារលើទីតាំងយោធារបស់រុស្ស៉ី៕








