អ៉ីរ៉ង់កំពុងផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដើម្បីបង្កើនការវាយប្រហារលើកប៉ាល់ដឹកប្រេង មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិក (Video inside)
14-10-2026 10:21
(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ ២នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ ថាអ៉ីរ៉ង់កំពុងប្រើប្រាស់យុទ្ធសាស្ត្រថ្មីៗដោយកំណត់គោលដៅលើកប៉ាល់ដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈតេហេរ៉ង់កំពុងព្យាយាមធ្វើយ៉ាងណាឱ្យប្រេងនៅតែបន្តឡើងថ្លៃដែលអាចជះឥទ្ធិពលលើការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។
នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអ៉ីរ៉ង់ទាំង២នាក់ខាងលើមិនបានបង្ហើបឱ្យដឹងលម្អិតពីយុទ្ធសាស្ត្រថ្មីរបស់អ៉ីរ៉ង់នោះទេ។ ប៉ុន្តែមន្ត្រីម្នាក់បាននិយាយថាអ៉ីរ៉ង់បានចាប់ផ្ដើមប្រើប្រាស់វិធីសាស្ត្រវាយប្រហារ ផ្សេងៗគ្នាប្រឆាំងនឹងកប៉ាល់ដឹកប្រេងដែលត្រូវបានចាត់ទុកថាបានបំពានលើការរឹតត្បិតរបស់ខ្លួនកាលពីជាង១០ថ្ងៃមុន។ មន្ត្រីរូបនេះបន្ថែមទៀតថាយុទ្ធសាស្ត្រថ្មីទាំងនោះរួមមានការផ្លាស់ប្ដូរនៅក្នុងរបៀប រួមទាំង ល្បឿននៃការវាយប្រហារ តែមានគោលដៅតែមួយនោះគឺធ្វើយ៉ាងណាឱ្យប្រេងបន្តឡើងថ្លៃដែលអាចជះឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិក។ «គោលដៅនោះគឺរារាំងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកដើម្បីបញ្ចុះតម្លៃប្រេង»។ នេះជាការគូសបញ្ជាក់របស់មន្ត្រីអ៉ីរ៉ង់ទាំង២ប្រាប់ Reuters។
គួរបញ្ជាក់ថា មន្ត្រីយោធាអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថាអ៉ីរ៉ង់ពិតជាកំពុងផ្លាស់ប្ដូរយុទ្ធសាស្ត្រប្រាកដមែន។ តាមមន្ត្រីយោធាអាមេរិករូបនេះដដែល នៅបន្ទាប់ពី យោធាអាមេរិកបានបំផ្លាញមួយផ្នែកធំនៃសមត្ថភាពប្រព័ន្ធរ៉ាដារបស់អ៉ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានចាប់ផ្ដើមប្រើប្រាស់ក្រុមអ្នកសង្កេតការណ៍គ្មានអាវុធជិះនៅលើទូកតូចដើម្បីកំណត់គោលដៅ ក្នុងនោះរួមមាននាវាចម្បាំងរបស់សហរដ្ឋអាមេរិក៕





