លោក ហ្សេលេនស្គី ថារុស្ស៉ីមិនគោរពលោក ត្រាំ ក្រោយការវាយប្រហារលើអ៊ុយក្រែន សម្លាប់មនុស្ស៦នាក់ និងផ្តាច់ចរន្តអគ្គិសនីនៅរដ្ឋធានីកៀវ
14-10-2026 13:52
(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិយាយថា ការវាយប្រហារថ្មីចុងក្រោយរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោច ៦នាក់នៅអ៊ុយក្រែន និងធ្វើឱ្យទីតាំងជាច្រើននៅក្នុងរដ្ឋធានីកៀវ ទទួលរងការដាច់ចរន្តអគ្គិសនី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការវាយប្រហារលើតំបន់ជាច្រើនរបស់អ៊ុយក្រែន គឺបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនពុំទទួលបានការផ្តល់ដំណឹងជាងមុនទេ ពីសំណាក់បណ្តាសម្ព័ន្ធមិត្តលោកខាងលិច មុនពេលរុស្ស៊ីវាយប្រហាររោងចក្រអគ្គិសនីមួយ នៅទីក្រុងកៀវ។
សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីលើអគារកម្ពស់ច្រើនជាន់នៅសង្កាត់ Desnianskyi ក្នុងទីក្រុងកៀវ បានសម្លាប់មនុស្ស២នាក់ ខណៈការវាយប្រហារមួយផ្សេងទៀតនៅសង្កាត់ Holosiivskyi បានសម្លាប់មនុស្សម្នាក់។ អាជ្ញាធរយោធាអ៊ុយក្រែន ក៏បានរាយការណ៍ដែរថា មនុស្ស២នាក់បានស្លាប់ និង៦នាក់រងរបួស ដោយសារការវាយប្រហាររបស់រុស្ស៊ី នៅតំបន់ Dnipropetrovsk។ រីឯមនុស្សម្នាក់ទៀត បានបាត់បង់ជីវិតនៅតំបន់ Zaporizhzhia ភាគអាគ្នេយ៍ប្រទេស។
លោក ហ្សេលេនស្គី បានអះអាងថា ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី បានធ្វើឱ្យមនុស្សប្រមាណ ៦០០ ០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់ ហើយវាជាការបំពានដោយចេតនា ចំពោះអ្វីដែលត្រូវបានប្រកាសថាជា «បទឈប់បាញ់លើវិស័យថាមពល» ដែលលោក ដូណាល់ ត្រាំ ទើបតែប្រកាសថ្មីៗនេះ។
លោកប្រធានាធិបតីអ៊ុយក្រែន បានសរសេរលើបណ្តាញសង្គម X ដូច្នេះថា «វាជាការវាយប្រហារដោយមីស៊ីលបាលិស្ទីគរបស់រុស្ស៊ី ដែលមានគោលដៅជាក់លាក់លើហេដ្ឋារចនាសម្ព័ន្ធថាមពល ពោលគឺហេដ្ឋារចនាសម្ព័ន្ធស្ថិតនៅក្រោមបទឈប់បាញ់ ដែលលោកប្រធានាធិបតីអាមេរិក បានប្រកាស»។
លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយចេតនាទាំងស្រុង ហើយវិសាលភាពរបស់វា បង្ហាញពីការប្រមាថមើលស្រាលយ៉ាងបើកចំហ។ រុស្ស៊ីមិនធ្លាប់បង្ហាញការមិនគោរពចំពោះសហរដ្ឋអាមេរិកយ៉ាងច្បាស់ និងគឃ្លើនបែបនេះពីមុនមកទេ»៕







