ប្រមុខការទូតអាមេរិក នឹងចេញទៅបំពេញទស្សនកិច្ចនៅតំបន់អាស៊ីកណ្តាល និងប្រទេសឥណ្ឌា នាចុងសប្តាហ៍នេះ (Video inside)
14-10-2026 15:05
(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងដឹកនាំគណៈប្រតិភូធុរកិច្ចធំមួយ ទៅកាន់អ៊ូសបេគីស្ថាន ក្នុងសប្តាហ៍នេះ ហើយចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ជាមួយប្រទេសចំនួន៥នៃតំបន់អាស៊ីកណ្តាល មុនពេលបន្តដំណើរទៅកាន់ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែតុលា លោក Rubio ជាដំបូងនឹងទៅកាន់ទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី «C5+1» ព្រមទាំងកិច្ចប្រជុំទ្វេភាគីជាមួយប្រទេសកាហ្សាក់ស្ថាន សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំប្រទេសទាំង៥នៅអាស៊ីកណ្តាល ដែលសម្បូរទៅដោយធនធានធម្មជាតិ មកកាន់សេតវិមាន។
បន្ទាប់មកទៀត លោក Rubio នឹងបំពេញទស្សនកិច្ចផ្លូវការជាលើកទីពីររបស់លោក ក្នុងឆ្នាំនេះ ទៅកាន់ប្រទេសឥណ្ឌា ដោយចំណាយពេលនៅទីក្រុង Mumbai និងទីក្រុង Jamnagar។ រូបលោកនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិកនិងឥណ្ឌា ផ្លាស់ប្តូរទស្សនៈអំពីស្ថានការណ៍ក្នុងតំបន់ ក៏ដូចជាពិភពលោក ព្រមទាំងពិភាក្សាអំពីលទ្ធភាពពង្រឹងបន្ថែម នូវកិច្ចសហប្រតិបត្តិការថាមពល។
គួរបញ្ជាក់ថា លោក Rubio បានទៅបំពេញទស្សនកិច្ចនៅឥណ្ឌា លើកចុងក្រោយ កាលពីខែឧសភា ដោយបានធ្វើដំណើរទៅកាន់ ទីក្រុងចំនួន៤ ក្នុងរយៈពេល៤ថ្ងៃ។ រដ្ឋាភិបាលអាមេរិកពីមុនៗ ធ្លាប់ចាត់ទុកឥណ្ឌាជាដៃគូដែលមានចិត្តគំនិតស្រដៀងគ្នា នៅក្នុងពិភពលោកមួយ ដែលមើលឃើញការកើនឡើងអំណាចកាន់តែខ្លាំងរបស់ប្រទេសចិន។ ប៉ុន្តែ លោក ត្រាំ បានផ្លាស់ប្តូរគោលនយោបាយនេះ ដោយដំឡើងពន្ធគយខ្ពស់ជាបណ្តោះអាសន្នលើទីក្រុងញូវដែលី ហើយបង្កើនភាពជិតស្និទ្ធជាមួយទាំងចិន និងប៉ាគីស្ថាន ដែលសុទ្ធតែជាគូប្រជែងប្រវត្តិសាស្ត្ររបស់ឥណ្ឌា៕




