តៃវ៉ាន់ ព្រមានអឺរ៉ុប អំពីគ្រោះថ្នាក់នៃការពឹងផ្អែកលើចិន (Video inside)
14-10-2026 16:02
(វ៉ាសូវី)៖ រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ បានព្រមានសហភាពអឺរ៉ុបថា ការពឹងផ្អែកលើចិនជាអ្នកផ្គត់ផ្គង់ បង្កហានិភ័យដល់សេរីភាពរបស់ប្លុកនេះ។ លោកបានលើកឡើងយ៉ាងដូច្នេះ ក្នុងសុន្ទរកថាមួយនៅប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ មុនកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល ជាទីដែលបញ្ហាពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង នឹងក្លាយជាប្រធានបទសំខាន់ក្នុងរបៀបវារៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមមេដឹកនាំសហភាពអឺរ៉ុប (EU) នឹងពិភាក្សាអំពីប្រទេសចិនជាប្រធានបទដំបូង ក្នុងកិច្ចប្រជុំកំពូលដែលចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈទីក្រុងព្រុចសែល កំពុងព្យាយាមកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ប្លុក និងកាត់បន្ថយហានិភ័យ ដែលមតិជាច្រើនយល់ថា កើតចេញពីការពឹងផ្អែកខ្លាំងពេកលើទីក្រុងប៉េកាំង ក្នុងវិស័យសំខាន់ៗមួយចំនួន។
ប្រមុខការទូតតៃវ៉ាន់លោក Lin Chia-lung បានថ្លែងក្នុងវេទិកាសន្តិសុខទីក្រុងវ៉ាសូវី ដូច្នេះថា «ដោយសារមនោគមវិជ្ជារបស់ចិន មានលក្ខណៈមិនស្របគ្នាជាមូលដ្ឋាន ជាមួយនឹងលទ្ធិប្រជាធិបតេយ្យរបស់អឺរ៉ុប ការពឹងផ្អែកលើចិនមិនមែនគ្រាន់តែជា ហានិភ័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគំរាមកំហែងដល់សេរីភាព និងអធិបតេយ្យរបស់អឺរ៉ុបផ្ទាល់ផងដែរ។ អឺរ៉ុបដែលត្រូវបានគ្រប់គ្រងតាមរយៈខ្សែច្រវាក់ផ្គត់ផ្គង់ នឹងក្លាយជាអឺរ៉ុបដែលបានបោះបង់ចោលផ្នែកមួយនៃសេរីភាពរបស់ខ្លួន»។
លោក Lin បានលើកឡើងថា ការធ្វើពាណិជ្ជកម្មជាមួយតៃវ៉ាន់ ផ្តល់អត្ថប្រយោជន៍ដល់អឺរ៉ុប។ លោកបានបកស្រាយថា «តៃវ៉ាន់ និងអឺរ៉ុបមានគុណតម្លៃរួមដែលសំខាន់បំផុត នោះគឺលទ្ធិប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស និងនីតិរដ្ឋ»។ លោកបានបន្ថែមថា «គំរូរបស់តៃវ៉ាន់បានជួយជំរុញនវានុវត្តន៍ និងវិបុលភាពនៅតំបន់ Silicon Valley ហើយគំរូនេះក៏អាចធ្វើដូចគ្នាសម្រាប់អឺរ៉ុបបានដែរ»។
គួរបញ្ជាក់ថា កាលពីមុន រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ កម្របំពេញទស្សនកិច្ចនៅអឺរ៉ុបណាស់ ដោយសារការជំទាស់របស់ទីក្រុងប៉េកាំង។ ប៉ុន្តែ លោក Lin បានមកបំពេញទស្សនកិច្ចនៅអឺរ៉ុបជាច្រើនលើក រួមទាំងប្រទេសប៉ូឡូញ ចាប់តាំងពីលោកចូលកាន់តំណែងបច្ចុប្បន្ន ជាង២ឆ្នាំមុន។ តៃវ៉ាន់បានព្យាយាមពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុប ជាពិសេសចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ ដោយឡែក អឺរ៉ុបក៏មានបញ្ហាផ្ទាល់ខ្លួនជាមួយចិនដែរ ទាំងជុំវិញអតុល្យភាពពាណិជ្ជកម្ម និងការរិះគន់របស់អឺរ៉ុប ចំពោះអ្វីដែលខ្លួនយល់ថា ជាការគាំទ្ររបស់ចិនចំពោះរុស្ស៊ី៕







