ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
14-10-2026 19:21
(ហ្សាការតា)៖ កម្រិតបំពុលខ្យល់នៅប្រទេសសិង្ហបុរី បានហក់ឡើងដល់កម្រិតខ្ពស់បំផុតប្រចាំឆ្នាំកាលពីថ្ងៃពុធ ខណៈប្រទេសទីម័រខាងកើត បានសម្រេចបិទសាលារៀនរយៈពេល ៣ ថ្ងៃ ដោយសារផ្សែងអ័ព្ទកាន់តែក្រាស់ដែលបង្កឡើងដោយភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។
នៅភាគខាងលិចប្រទេសសិង្ហបុរី កំហាប់ភាគល្អិតល្អន់ PM2.5 បានហក់ឡើងដល់ ២៨៤ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលឈានចូលកម្រិត «ខ្ពស់ខ្លាំង» ជាលើកដំបូងក្នុងរដូវកាលផ្សែងអ័ព្ទនេះ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលទីម័រខាងកើត ដែលមានព្រំដែនជាប់ខេត្ត East Nusa Tenggara របស់ឥណ្ឌូណេស៊ី បានប្រកាសផ្អាកការរៀនផ្ទាល់នៅតាមសាលារៀនរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែតុលា ដោយសារការបំពុលខ្យល់ពីភ្លើងឆេះព្រៃនៅប្រទេសជិតខាង។
ចំណែកនៅខេត្តកាលីម៉ាន់តាន់កណ្តាល (Central Kalimantan) ប្រទេសឥណ្ឌូណេស៊ី សន្ទស្សន៍បំពុលខ្យល់ (ISPU) បានហក់ឡើងលើស ១,២០០ កាលពីថ្ងៃពុធ ដែលខ្ពស់ជាងកម្រិត «គ្រោះថ្នាក់» រហូតដល់ ៤ ដង។ ផ្សែងអ័ព្ទពណ៌លឿងយ៉ាងក្រាស់បានគ្របដណ្តប់លើទីក្រុង Palangka Raya ធ្វើឱ្យអ្នកបើកបរមើលផ្លូវស្ទើរមិនឃើញ ខណៈកម្លាំងប៉ូលិសកំពុងប្រឹងប្រែងបាញ់ទឹកពន្លត់ភ្លើងឆេះព្រៃ និងដីមមោកនៅតាមដងផ្លូវ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីកំពុងប្រឈមនឹងរដូវកាលភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយ ដោយសារអាកាសធាតុក្តៅហួតហែងនៃបាតុភូត El Niño ដែលធ្វើឱ្យកើនឡើងនូវជំងឺផ្លូវដង្ហើមក្នុងស្រុក និងទាញទម្លាក់គុណភាពខ្យល់នៅទូទាំងតំបន់ រហូតបង្ខំឱ្យរដ្ឋមួយចំនួនក្នុងប្រទេសម៉ាឡេស៊ី ត្រូវបិទសាលារៀនដូចគ្នាផងដែរ៕






