* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កប៉ាល់២គ្រឿងលិចនៅក្បែរច្រកសមុទ្រ Hormuz ក្រោយរងគ្រាប់ផ្លោង ខណៈការវាយប្រហារកើនឡើង (Video inside)

15-10-2026 14:02

(ឡុងដ៍)៖ អាជ្ញាធរឃ្លាំមើលការដឹកជញ្ជូនតាមផ្លូវសមុទ្រ កាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិយាយថា កប៉ាល់ដឹកកុងតឺន័រ១គ្រឿង និងនាវាដឹកទំនិញស្ងួតប្រភេទ bulk carrier ១គ្រឿង បានលិចនៅក្បែរច្រកសមុទ្រ Hormuz ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់ផ្លោង ក្នុងហេតុការណ៍២ផ្សេងគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទិន្នន័យពីអង្គការ International Maritime Organization ដែលជាទីភ្នាក់ងារឃ្លាំងមើលការដឹកជញ្ជូនតាមផ្លូវសមុទ្រ របស់អង្គការសហប្រជាជាតិ បានបង្ហាញថា កប៉ាល់ឈ្មោះ GFS Pride ដែលចុះបញ្ជីក្រោមទង់ជាតិសិង្ហបុរី និងជាកប៉ាល់ដឹកកុងតឺន័រខ្នាតតូច បានលិចអំឡុងពេលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ រីឯក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀត កប៉ាល់ឈ្មោះ Cape Dao ដែលចុះបញ្ជីក្រោមទង់ជាតិប្រទេសប្រជុំកោះ Antigua និង Barbuda បានលិចនៅជិតច្រកសមុទ្រនោះដូចគ្នា ប៉ុន្មានសប្តាហ៍បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់ផ្លោង កាលពីថ្ងៃទី២៣ ខែកញ្ញា។

នាវិកម្នាក់បានស្លាប់ ខណៈសមាជិកនាវិកដទៃទៀត បាននាំគ្នាជម្លៀសខ្លួនចេញពីលើកប៉ាល់ភ្លាមៗ បន្ទាប់ពីការវាយប្រហារ។ យោងតាមទិន្នន័យវិភាគរបស់ IMO GFS Pride និង Cape Dao គឺជាកប៉ាល់ទី២ និងទី៣ ដែលបានលិចទាំងស្រុង ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ការវាយប្រហារនៅជុំវិញច្រកសមុទ្រ Hormuz បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល១០ថ្ងៃកន្លងមក ដោយអ៉ីរ៉ង់បាននិយាយថា ខ្លួនកំពុងបង្កើនការវាយប្រហារ ដើម្បីឆ្លើយតបទៅនឹង ការបិទខ្ទប់កំពង់ផែដោយសហរដ្ឋអាមេរិក និងទណ្ឌកម្មកាន់តែតឹងរ៉ឹងដែលត្រូវបានដាក់ កាលពីខែមុន។

ការកើនឡើងយ៉ាងគំហុកនៃការគំរាមកំហែង ដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងនិងក្បែរច្រកសមុទ្រ Hormuz បានបង្កើនការព្រួយបារម្ភ អំពីសន្តិសុខនៅច្រកផ្លូវទឹកយុទ្ធសាស្ត្រនេះ។ មុនពេលមានសង្គ្រាម វាធ្លាប់បម្រើជាច្រកដឹកជញ្ជូន នៃប្រេងនិងឧស្ម័នធម្មជាតិរាវ (LNG) នៅទូទាំងពិភពលោក ប្រហែល ២០ភាគរយ។

ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល រួមដៃគ្នាបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈមក ទីក្រុងតេហេរ៉ង់ បានព្យាយាមរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រ Hormuz ​ដោយដាក់កំហិតលើការធ្វើនាវាចរណ៍ ដើម្បីទទួលបានឥទ្ធិពលចរចា លើទីក្រុងវ៉ាស៊ីនតោន។ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់២រូប ធ្លាប់បានប្រាប់ Reuters ថា អ៉ីរ៉ង់កំពុងប្រើយុទ្ធសាស្ត្រថ្មីៗ កាន់តែច្រើនឡើង ប្រឆាំងនឹងកប៉ាល់នានាដែលឆ្លងកាត់ច្រកសមុទ្រនេះ ក្នុងគោលបំណងរក្សាតម្លៃប្រេងឱ្យនៅខ្ពស់ និងមានឥទ្ធិពលលើការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ របស់សហរដ្ឋអាមេរិក។

គួរបញ្ចាក់ថា ទោះបីអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្តោតការវាយប្រហារលើកប៉ាល់ដឹកប្រេងជាចម្បងក៏ដោយ កប៉ាល់ដឹកទំនិញ និងកប៉ាល់ដឹកកុងតឺន័រផ្សេងទៀត ក៏ត្រូវបានវាយប្រហារ ដែលធ្វើឱ្យលែងអាចធ្វើដំណើរបាន ឬលិចផងដែរ។ កាលពីខែមីនា កប៉ាល់ដឹកកុងតឺន័រ Safeen Prestige ដែលចុះបញ្ជីក្រោមទង់ជាតិប្រទេសម៉ាល់ត៍ បានរងការវាយប្រហារដោយគ្រាប់ផ្លោង ហើយក្រោយមកបានលិច នៅភាគខាងជើងច្រកសមុទ្រ Hormuz។ កាលពីខែមេសា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានវាយប្រហារនិងរឹបអូស កប៉ាល់ដឹកកុងតឺន័រឈ្មោះ MSC Francesca៕